(ប៊ូតាផេស)៖ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស បានរងបរាជ័យ ១ទល់នឹង០ ក្រោមថ្វីជើងរបស់ម្ចាស់ផ្ទះហុងគ្រីនៅថ្ងៃបើកឆាកពានអឺរ៉ុប UEFA Nations League 2022-2023 នាយប់មិញនេះ ជាមួយការបាត់បង់កំណត់ត្រាលេង ២២ប្រកួតមិនចាញ់ផងដែរ។

១ប្រកួតដំបូងនៃពូល League A ក្រុម៣ នៃពានដែលទើបបង្កើតឡើងបាន ៣រដូវមកនេះ បានធ្វើឲ្យអតីតក្រុមរងជើង ឯកពាន UEFA Euro 2020 ស្គាល់រសជាតិចាញ់ជាលើកដំបូងក្នុងឆ្នាំ២០២២ នេះ និងជាការបរាជ័យដំបូងផងដែរ ក្រោមថ្វីជើងរបស់ហុងគ្រីគិតចាប់តាំងពីជួបគ្នាក្នុងឆ្នាំ១៩៦២ មក ដ្បិតក្រុមតោកំណាចមួយនេះទើបចាញ់ក្រុមធំ ២ប្រកួតនៅ Euro 2020 ក្រោមថ្វីជើងរបស់ប៊ែលហ្សិក និងផ្តាច់ព្រ័ត្រទល់នឹងអាសូរីអ៉ីតាលី។

កីឡាករខ្សែបម្រើប្រយុទ្ធ Dominik Szoboszlai ជាអ្នកទាត់បានពិន័យ ១១ម៉ែត្របានសម្រេចនៅនាទី៦៦ នៅពេលកីឡាករចាំទី Jordan Pickford ពុំអាចជួយសង្រ្គោះបានឡើយ ដ្បិត Reece James បានធ្វើឲ្យមានកំហុសនៅតំបន់គ្រោះថ្នាក់ គ្រាដែលខ្សែប្រយុទ្ធ Harry Kane ក៏បានបរាជ័យក្នុងការរកគ្រាប់បាល់ទី៥០ ឲ្យអង់គ្លេសនាយប់មិញនេះដែរនៅទីក្រុង Budapest នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ ៣៥០០០នាក់។

សម្រាប់ ១ប្រកួតទៀតនាយប់មិញនេះពីក្នុង League A ក្រុម៣ អាល្លឺម៉ង់ក៏បានធ្វើការវាយបកតាមស្មើ ១-១ ទល់នឹងម្ចាស់ផ្ទះអ៉ីតាលីផងដែរ ដែលទទួលបានម្នាក់ ១ពិន្ទុដូចគ្នា តាមពីក្រោយហុងគ្រីដែលរកបាន ៣ពិន្ទុពេញឡើងទៅឈរនៅកំពូលតារាងជាបណ្តោះអាសន្ន៕