(បរទេស)៖ តារាចម្រៀងល្បីជនជាតិកូឡំប៊ី នាង Shakira និងកីឡាករ Pique ខ្សែការពារក្នុងក្លឹប FC Barcelona បានដើរដល់ផ្លូវបំបែកហើយ។ នេះបើតាមអ្វីដែលគូស្នេហ៍ទាំងពីរ បានបញ្ជាក់ជាសាធារណៈ និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

នៅក្នុងការប្រកាសរបស់ពួកគេ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងពិតជាសោកស្ដាយ ក្នុងការជូនដំណឹងពីទំនាក់ទំនងរបស់យើងទាំងពីរ គឺបានសម្រេចថាចែកផ្លូវគ្នាហើយ។ ដើម្បីសុខុមាលភាពរបស់កូនៗរបស់យើង ដែលជាអាទិភាពខ្ពស់បំផុតរបស់យើង យើងសុំឲ្យអ្នកគោរពភាពឯកជនរបស់ពួកគេ»

គួរជម្រាបថា Shakira អាយុ ៤៦ឆ្នាំ និង Pique អាយុ ៣៥ឆ្នាំ បានរួមរស់ជាមួយគ្នាតាំងពីឆ្នាំ ២០១១ ហើយមានកូនពីរនាក់។ ពួកគេបានជួបគ្នា មុនពេលការប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំ២០១០ នៅអាហ្រ្វិកខាងត្បូង នៅពេលដែលកីឡាកររូបនេះ បានបង្ហាញនៅក្នុងវីដេអូតន្ត្រីសម្រាប់បទចម្រៀង «Waka Waka (This Time for Africa)» របស់ Shakira ដែលជាបទចម្រៀងផ្លូវការរបស់ការប្រកួត៕