(ខាឌីស)៖ នៅទីបំផុត ក្រុមបាល់ទាត់ជម្រើសជាតិវ៉េលបានឡើងទៅលេង World Cup ឆ្នាំ២០២២ ជុំផ្តាច់ព្រ័ត្រជាលើកដំបូង ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកនេះ ក៏ព្រោះតែយកឈ្នះគូប្រជែងអ៊ុយក្រែន ១ទល់នឹង០ នៅវគ្គផ្តាច់ព្រ័ត្រនាយប់មិញនេះ។

វ៉េល ដែលមានកីឡាករល្បីៗដូចជា Daniel James, Aaron Ramsey និង Gareth Bale ផងនោះ ត្រៀមបង្ហាញខ្លួននៅប្រទេសកាតាជាលើកដំបូងនាចុងឆ្នាំនេះ ដ្បិតជ័យជម្នះនេះវាជាការធ្វេសប្រហែសចូលទីខ្លួនឯងរបស់ខ្សែបម្រើ Andriy Yarmolenko ដែលកំពុងប្រកបអាជីពក្នុងក្លិបញញួរធំ West Ham United នៅនាទី៣៤។

នេះមានន័យថា វ៉េលបានក្លាយជាក្រុមកូនពៅក្នុងចំណោម ១៣ក្រុមចេញពីទ្វីបអឺរ៉ុបដែលត្រូវទៅបំពេញកៅអីក្នុងពូល B នៃវគ្គ ៣២ក្រុមចុងក្រោយដែលមានអង់គ្លេស អាមេរិក និងអ៉ីរ៉ង់ នៃការប្រកួត World Cup 2022 ចាប់ពីចន្លោះខែវិច្ឆិកា ដល់ខែធ្នូខាងមុខនេះនៅប្រទេសកាតាតែមួយគត់។

ចំណែកឯអ៊ុយក្រែន ដែលកំពុងមានបញ្ហាសង្រ្គាមរាំរ៉ៃក្នុងប្រទេសរបស់ខ្លួនជាមួយរុស្ស៊ីនោះ ក៏មានឱកាសច្រើនណាស់ដែរ ប៉ុន្តែពុំអាចធ្វើបានសម្រេច នៅពេលកីឡាករចាំទី Wayne Hennessey និងខ្សែការពារ Ben Davies ជួយសង្រ្គោះបានរហូត ដ្បិតអ៊ុយក្រែនទើបបានទម្លាក់ម្ចាស់ផ្ទះស្កុតឡេនពីក្នុងវគ្គ ៤ក្រុមចុងក្រោយ ដើម្បីឡើងមកប៉ះម្ចាស់ផ្ទះវ៉េលនៅទីក្រុង Cardiff ទើបចាញ់ ១ទល់នឹង០ នេះ៕