(បរទេស)៖ ប្រធានក្រុម Lionel Messi រកបានទាំង ៥គ្រាប់តែម្តងក្នុងជ័យជម្នះ ៥ទល់នឹង០ របស់ក្រុមបាល់ទាត់ពពកសអាហ្សង់ទីន ទៅលើអ៉ីស្តូនី នៃជំនួបមិត្តភាពអន្តរជាតិនាយប់មិញនេះនៅទីក្រុង Pamplona ប្រទេសអេស្ប៉ាញ។

៥គ្រាប់បន្ថែមនេះដែរ បានធ្វើឲ្យខ្សែប្រយុទ្ធដែលកំពុងប្រកបអាជីពនៅប្រទេសបារាំង ក្នុងក្លិប Paris Saint-Germain ខាងលើនេះ ឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៤ ពិភពលោកក្នុងការរកបានគ្រាប់បាល់ច្រើនជាងគេសម្រាប់ជម្រើសជាតិ នៅពេល Cristiano Ronaldo រកបាន ១១៧គ្រាប់ឲ្យបច្ចខែលព័រទុយហ្គាល់ច្រើនជាងគេលើលោក។

នេះក៏ជាលើកដំបូងសម្រាប់ Lionel Messi ផងដែរដែលរកបាន ៥គ្រាប់ក្នុង ១ប្រកួតឲ្យជម្រើសជាតិអាហ្សង់ទីន ដ្បិតក្នុងក្លិបអាជីព FC Barcelona ក៏ធ្លាប់ធ្វើបានដូចនេះដែរពេលបំបាក់ក្រុមអាល្លឺម៉ង់ Bayer Leverkusen ៧-១ នៅក្នុង UEFA Champions League កាលឆ្នាំ២០១២ កន្លងមក។

ចំណែកឯអ៉ីស្តូនីវិញ ពុំមានឱកាសលេងបាល់មុខទីអាហ្សង់ទីនឡើយ សឹងតែគ្មានក្នុងតំបន់គ្រោះថ្នាក់តែម្តង នៅពេលដែលក្រុមខ្លាំងមកពីតំបន់អាមេរិកឡាទីន (អាហ្សង់ទីន) មួយនេះ ទើបតែបានបំបាក់អ៉ីតាលី ៣ទល់នឹង០ លើកពានមិត្តភាពអន្តរជាតិនៅប្រទេសអង់គ្លេស ក្នុងនាមជាម្ចាស់ជើងឯកពាន Copa America 2021 និងបានកំពុងសំលឹងរកការ ឈ្នះជើងឯក World Cup ជាលើកដំបូងក្នុងអាជីពរបស់ Lionel Messi មុនលាឈប់ពីជម្រើសជាតិ៕