(បរទេស)៖ លទ្ធផលកាលពីឆ្នាំ ២០២១កន្លងទៅត្រូវបានគេរាយការណ៍ថា ក្រុមហ៊ុន Apple ទទួលបានដំណែងលេខ ៣ ក្នុងតារាងប្រាក់ចំណូលហ្គេម ដែលស្ថិតក្នុងចំណោមក្រុមធំៗជាច្រើន ដោយតាមពីក្រោយក្រុមហ៊ុន Sony និងនាំមុខក្រុមហ៊ុន Microsoft។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២។

យោងតាមអ្នកវិភាគនៅ NewZoo បានឱ្យដឹងថា ក្រុមហ៊ុនផលិត iPhone ទទួលបានប្រាក់ចំណូលពីហ្គេមសរុបចំនួន ១៥.៣ពាន់លានដុល្លារពេញមួយឆ្នាំ២០២១ ពោលគឺកើនឡើង ១៧.៧ភាគរយកាលពីឆ្នាំ២០២០។ យ៉ាងណាមិញក្រៅពី Google ក្រុមហ៊ុន Apple គឺជាអ្នកកាន់កាប់ Platform ហ្គេមដ៏ធំបំផុតមួយសម្រាប់ការលេងហ្គេមតាមទូរស័ព្ទ ខណៈដែលប្រាក់ចំណូលដែលរកបានដ៏ច្រើនសន្ធឹកកាលពីឆ្នាំមុននោះមួយផ្នែកធំត្រូវបានបង្ហាញថាបានមកពី App Store។

នេះមិនមែនជាលើកទី១ នោះទេដែល Apple មានប្រៀបជាងក្រុមហ៊ុនហ្គេមដែលបង្កើតមកជាយូរហើយនោះ។ ដោយឡែកកាលពីឆ្នាំ ២០១៩កន្លងទៅ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះត្រូវបានគេរាយការណ៍ថាប្រាក់ចំណូលដែលរកបានមកពីហ្គេមមានចំនួនច្រើនជាងក្រុមហ៊ុន Nintendo, Microsoft, Activision-Blizzard និង Sony រួមបញ្ចូលគ្នាឯណោះ។

យ៉ាងណាមិញនៅក្នុងតារាលទ្ធផលសរុបកាលពីឆ្នាំមុន សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាហ្គេមឃើញថា ចំណាត់ថ្នាក់លេខមួយគឺបានទៅ Tencent ដែលជាក្រុមហ៊ុនរបស់ចិនរួមមានហ្គេម « League of Legends» និង « PUBG Mobile» ដែលរកចំណូលបានសរុប ៣២.២ពាន់លានដុល្លារ និងកើនឡើង ៩.៩ភាគរយកាលពីឆ្នាំ២០២០។ រីឯចំណាត់ថ្នាក់លេខ ២បានទៅក្រុមហ៊ុន Sony ជាមួយនឹងប្រាក់ចំណូល ១៨.២ពាន់លានដុល្លារ បើទោះបីជាវាតំណាងឱ្យការធ្លាក់ចុះ ២.៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយ ខណៈដែល Microsoft, Google, NetEase, Activision-Blizzard និង Nintendo ឈរនៅចំណាត់ថ្នាក់រៀងគ្នា៕