(ភ្នំពេញ)៖ ក្រោយពីបានឃើញសារព័ត៌មានចុះផ្សាយ ពីការបង្កើតកំណត់ត្រាឡើងភ្នំឱរ៉ាល់លឿនបំផុត ២ម៉ោង ២៦នាទី និង៣៦វិនាទី របស់បុរសជនជាតិអាមេរិក លោក Jacob Sims និងមិត្តភក្តិជនជាតិអូស្ត្រាលី លោក Julien Brewster កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ក្រុមអ្នករត់ ខេខេ (KK Running Club ហៅកាត់ថា KKRC) ដែលសុទ្ធតែមានបទពិសោធន៍ឡើងភ្នំ បានសម្រេចចិត្តរៀបចំការឡើងភ្នំឱរ៉ាល់ ជាលក្ខណៈប្រកួតមួយឆ្លើយតបនឹងការបបួលរបស់មិត្តបរទេសទាំងពីរ។

ក្រុមអ្នករត់ ខេខេ ដែលឡើងភ្នំឱរ៉ាល់ មានឈ្មោះ ១-គីម សារឿន ហៅ គីម កុក (អាយុ ៥៣ឆ្នាំ) ២-ឃី សុភា (អាយុ ៤៧ឆ្នាំ) ៣-កាន់ គន្ធី (អាយុ ៤៣ឆ្នាំ) និង ៤-Hiroshi Ake (អាយុ ៥២ឆ្នាំ)។

ពួកគាត់ទាំង៤នាក់ បានធ្វើដំណើរចេញពីភ្នំពេញនៅរសៀលថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២២ ទៅដល់ផ្ទះលោក ឈឺន ឈីម ប្រធានសហគមន៍ស្រែកិន ម៉ោង ៥ល្ងាច ហើយសម្រាកនៅទីនោះ១យប់ ដើម្បីក្រោកឡើងភ្នំឱរ៉ាល់ពេលទៀបភ្លឺថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២។

ជាមួយគ្នានេះ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ពួកគាត់បានរៀបចំឲ្យអ្នកនាំផ្លូវម្នាក់ ឈ្មោះ ស សំបូរ ឡើងភ្នំមុន ដើម្បីជួយទម្លាក់ទឹកតាមចំណុចសំខាន់ៗ រួចសម្រាកនៅដំណាក់២ ចំនួន១យប់ និងក្រោកឡើងទៅចាំនៅកំពូលភ្នំឱរ៉ាល់មុន នៅព្រលឹមថ្ងៃទី ០៤ មិថុនា ឆ្នាំ២០២២។

លុះព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ ពួកគាត់ទាំង៤នាក់ បានជិះម៉ូតូដឹកនាំដោយលោក ឈឺន ឈីម ផ្ទាល់ទៅកាន់ថ្មដារៀម ដែលជាចំណុចចាប់ផ្ដើម ដើម្បីធ្វើជាសាក្សីបញ្ជាក់ម៉ោងចាប់ផ្ដើម និងមាន លោក សំបូរ ធ្វើជាសាក្សីបញ្ជាក់ម៉ោងដល់កំពូលភ្នំឱរ៉ាល់។

នៅចំពោះមុខប្រធានសហគមន៍ និងអ្នកដឹកម៉ូតូដទៃទៀត អ្នកទាំង៤នាក់ បានចាប់ផ្ដើមចេញដំណើរពីថ្មដារៀម នៅម៉ោង ៥៖៣១ព្រឹក។ ជាលទ្ធផលលោក គីម កុក បានឡើងទៅដល់កំពូលភ្នំឱរ៉ាល់នៅម៉ោង ៧៖៥៧ព្រឹកថ្ងៃដដែល ក្នុងថេរវេលា ២ម៉ោង ២៦នាទី និង០៨វិនាទី ដែលជាកំណត់ត្រាថ្មី សម្រាប់ការឡើងភ្នំឱរ៉ាល់លឿនបំផុត។

លោក គន្ធី បានទៅដល់កំពូលភ្នំឱរ៉ាល់ក្នុងថេរវេលា ២ម៉ោង ៣៨នាទី និង៤៤វិនាទី បន្ទាប់មក Hiroshi បានឡើងដល់ក្នុងថេរវេលា ២ម៉ោង ៣៩នាទី និង០៦វិនាទី និង លោក សុភា ប្រើថេរវេលា ៣ម៉ោង ០១នាទី និង១៩វិនាទី ដែលសុទ្ធសឹងជាកំណត់ត្រាផ្ទាល់ខ្លួនរបស់គេ។

ក្នុងការឡើងភ្នំនោះ ពួកគាត់សុទ្ធតែបានប្រើប្រាស់នាឡិកាកីឡា ដើម្បីវាស់ចម្ងាយ និងពេលវេលា និងមានវត្តមាន លោក សំបូរ នៅលើកំពូលភ្នំផ្ទាល់បញ្ជាក់ផងដែរ។ ទិន្នន័យរបស់ពួកគាត់អាចរកមើលឃើញនៅលើ STRAVA។

លោក គីម កុក បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា «ឆ្លងតាមបទពិសោធន៍នេះ ពួកយើងជឿជាក់ថា មិនខ្វះទេខ្មែរជើងខ្លាំង ជាពិសេសអត្តពលិក និងអ្នកដើរភ្នំដែលមានសមត្ថភាព អាចបំបែកកំណត់ត្រាខាងលើ គ្រាន់តែកន្លងមកមិនទាន់ មានការប្រកួតផ្លូវការ ដើម្បីបង្កលក្ខណ:ឲ្យពួកគេបានបញ្ចេញសមត្ថភាព។ ផ្ដើមចេញពីចំណុចនេះ ពួកយើងជាកូនខ្មែរទាំង៣នាក់ បានមូលមតិគ្នាថ្វាយបង្ខំ សុំការប្រទានពរជ័យពីពុទ្ធអង្គ និងលោកតាឥសី ដែលគង់នៅលើកំពូលភ្នំឱរ៉ាល់ ដើម្បីផ្តួចផ្ដើមគំនិតរៀបចំជាព្រឹត្តិការណ៍កីឡាឡើងភ្នំឱរ៉ាល់ផ្លូវការ ជាលើកដំបូង នៅពេលឆាប់ៗខាងមុខ ក្នុងគោលដៅបំផុសឲ្យមានការឡើងភ្នំជាលក្ខណ:កីឡាទេសចរណ៍ សំដៅរួមចំណែកជម្រុញ និងលើកស្ទួយអេកូទេសចរណ៍នៅតំបន់ឱរ៉ាល់ ដែលនឹងជួយលើកកម្ពស់កម្រិតជីវភាពសហគមន៍ និងការអភិរក្សធនធានធម្មជាតិតំបន់ឱរ៉ាល់ផងដែរ»

លោកបន្តថា «ពួកយើងជឿជាក់យ៉ាងមុតមាំថា ព្រឹត្តិការណ៍នេះនឹងទាក់ទាញកូនខ្មែរ ក៏ដូចជាទេសចរបរទេស ដែលស្រលាញ់ចូលចិត្តការឡើងភ្នំ និងធម្មជាតិព្រៃភ្នំដ៏អស្ចារ្យរបស់ខ្មែរយើង មកចូលរួមសាកល្បងសមត្ថភាពរបស់ខ្លួនជាក់ជាមិនខាន ពីព្រោះភ្នំឱរ៉ាល់មានលក្ខណៈពិសេសប្លែកដាច់គេជាច្រើន ដូចជាវាជាភ្នំខ្ពស់ជាងគេបំផុតនៅប្រទេសកម្ពុជា មានប្រវត្តិល្បីល្បាញយូរមកហើយ រីឯស្ថានភាពផ្លូវចោតឡើងស្ទើរ តែទាំងស្រុងពីក្រោមដល់កំពូល និងមានឧបសគ្គចម្រុះជាដើម»

សូមបញ្ជាក់ថា ការប្រកួតឡើងភ្នំមិនមែនជាការប្រជែងយកឈ្នះចាញ់គ្នានោះទេ តាមពិតគោលដៅធំបំផុត គឺការយកឈ្នះខ្លួនឯង ព្រោះលើសពីកាយសម្បទា ការឡើងភ្នំទាមទារឲ្យមានចិត្តតស៊ូអំណត់ខ្ពស់។

ក្រុមអ្នករត់ ខេខេ ក៏សូមអរគុណលោក Jacob Sims និងលោក Julien Brewster ដែលបានផ្ដួចផ្ដើមបង្កើតកំណត់ត្រាឡើងភ្នំឱរ៉ាល់ ហើយក៏ឆ្លៀតឱកាសនេះ សូមអញ្ជើញលោកទាំងពីរ ក៏ដូចជាអ្នកកីឡា អ្នកឡើងភ្នំខ្មែរនិងបរទេសទាំងអស់ ចូលរួមសាកល្បងបំបែកកំណត់ត្រាថ្មីរបស់ លោក គីម កុក នៅពេលណាមួយសមស្រប និងសូមជួយគាំទ្រព្រឹត្តិការណ៍កីឡាឡើងភ្នំឱរ៉ាល់ ដែលអាចកើតមាននៅពេលខាងមុខផង៕