(បរទេស)៖ ព្រឹត្តិការណ៍ WWDC របស់ក្រុមហ៊ុន Apple ត្រូវបានគេដឹងថា Apple គ្រោងនឹងប្រកាសអំពីការអាប់ដេតប្រព័ន្ធប្រតិបត្តិការថ្មីមួយចំនួន ដែលទំនងជាការផ្លាស់ប្តូរដ៏ធំសម្រាប់ iPadOS 16។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២។

ប្រភពពីលោក Mark Gurman មកពី Bloomberg បានបង្ហាញថាក្រុមហ៊ុន Apple នឹងផ្លាស់ប្តូរមុខងារជាច្រើនរបស់ iPad ម្តងទៀតជាមួយនឹង iPadOS 16 ជំនាន់ក្រោយនេះ រួមទាំងបើកដំណើរការ Windows ឱ្យដូចទៅនឹង MacOS តែម្តង។ ដោយការអាប់ដេតដែលភ្ជាប់មកជាមួយនឹង iPadOS 16 នឹងមានសារៈសំខាន់ជាខ្លាំង នឹងធ្វើឱ្យ iPad កាន់តែដូចទៅនឹង Laptop ហើយវាមានលក្ខណៈដូចទៅនឹងស្មាតហ្វូនតិចតួចប៉ុណ្ណោះ។

តែយ៉ាងណាតាមប្រភពខាងលើមិនបានបញ្ជាក់លម្អិតនោះទេទាក់ទងទៅនឹងមុខងាររបស់ iPadOS 16 ថ្មីនោះ ដោយវាគ្រាន់តែជាការលេចធ្លាយទាក់ទងទៅនឹងការប្រកាសចេញរបស់ Apple ប៉ុណ្ណោះ។ ប្រសិនបើការលេចធ្លាយដែលបានរាយការណ៍នេះបង្ហាញថាជាការពិតនោះ WWDC 2022 របស់ Apple នឹងក្លាយជាព្រឹត្តិការណ៍មួយដ៏កក្រើកសម្រាប់អ្នកគាំទ្រ iPad ទាំងអស់ រួមទាំង Developers ក៏ដូចគ្នា។ ខណៈដែល Apple ក៏ត្រូវបានគេរំពឹងយ៉ាងខ្លាំងផងដែរថានឹង ប្រកាសការអាប់ដេតថ្មីរួមទាំង iOS 16, macOS 13 និងផ្នែក Hardware ដែលអាចនឹងមកមានដូចជា AR/VR Headset ជាដើម។

គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍ WWDC នឹងធ្វើឡើងថ្ងៃចន្ទទី០៦ ខែមិថុនា វេលាម៉ោង ១០ព្រឹក ម៉ោងនៅប៉ាស៊ីហ្វិចដែលត្រូវនឹងម៉ោង ១:00 រំលងអាធ្រាតឈានចូលដល់ថ្ងៃទី ០៧ ខែមិថុនា នៅស្រុកខ្មែរ ហើយនឹងធ្វើការផ្សាយផ្ទាល់តាមរយៈកម្មវិធី Apple TV, YouTube និងគេហទំព័រផ្លូវការរបស់ Apple៕