(ភ្នំពេញ)៖ រយៈកាលប៉ុន្មានខែចុងក្រោយនេះ មហាជន និងអ្នកគាំទ្រ បានសង្កេតឃើញថា តារាចម្រៀងរ៉េប និងចូលចិត្តបទញាក់កន្ត្រាក់អារម្មណ៍សប្បាយៗ DJ ឃ្លាំង ហៅពូឃ្លាំង បានបង្ហាញវត្តមានមកផលិត និងច្រៀងបទចម្រៀងឡើងវិញ បន្ទាប់ពីបាត់មុខឈឹងក្នុងវិស័យសិល្បៈ អស់រយៈពេលជិត១០ឆ្នាំកន្លងទៅ។ តាមរយៈការបង្ហាញវត្តមានឡើងវិញ គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានតារាចម្រៀងរ៉េប ពូឃ្លាំង បង្ហើបឲ្យដឹងជាសាធារណៈនៅថ្ងៃនេះថា គឺដោយសារតែមានប្រពន្ធ និងកូនប្រុសវ័យ៦ឆ្នាំម្នាក់ ជាអ្នកជំរុញលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តដល់រូបលោក ទើបលោកសម្រេចចិត្តត្រឡប់មកចូល ក្នុងវិស័យចម្រៀងដូចមុនវិញ។

ក្នុងឱកាសខួបកំណើតគម្រប់វ័យ ៦ឆ្នាំ កូនប្រុសរបស់តារាចម្រៀង ពូឃ្លាំង នៅថ្ងៃនេះ លោកបានបង្ហាញឲ្យមហាជនដឹងយ៉ាងច្បាស់ថា «០៦/០៦/២០២២ នេះជាថ្ងៃខួបកំណើតរបស់កូនប្រុសរបស់ខ្ញុំ Lofee គម្រប់ខួប៦ឆ្នាំ។ អ្នកទាំង២នេះហើយ ដែលជាអ្នកជំរុញចិត្តរបស់ខ្ញុំខ្លាំង ឲ្យត្រឡប់មកលើវិស័យចម្រៀងម្តងទៀត....!»។

ពូឃ្លាំង បញ្ជាក់ច្បាស់ៗថា «ប្រពន្ធខ្ញុំចង់ឃើញប្តី ធ្វើអ្វីដែលសប្បាយចិត្ត លើកទឹកចិត្តខ្ញុំ ទុកពេលឲ្យខ្ញុំសម្រាប់ផលិតបទថ្មីៗ សុខចិត្តមើលខុសត្រូវមុខជំនួញទាំងអស់ម្នាក់ឯង។ កូនវិញតែងតែនិយាយថា ប៉ាប៉ា កូនចង់ឃើញប៉ាឡើងលើឆាកដោយផ្ទាល់ ព្រោះពេលប៉ាឡើងលើឆាកលើកមុន នឹងមានសំឡេងទះដៃ ហ៊ោរខ្លាំងណាស់ អត់ទាន់មានកូនផង!»

ម្ចាស់បទ «ជួយថែសិល្បៈដូនតា» រូបនេះ បានបន្ថែមទៀតថា «នេះហើយជាកម្លាំងចិត្ត បូករួមទាំងបងប្អូនខ្មែរទាំងអស់គ្នា ដែលនៅតែចូលចិត្ត តែងតែសួពេលណាចេញបទថ្មី? សូមឲ្យខ្ញុំចេញបទថ្មី នឹងត្រឡប់មកលើវិស័យនេះម្តងទៀត....តើពូមីងទាំងអស់គ្នា មានអី្វជូនពរទៅអូន Lofee ទេ?»

នៅក្នុងការប្រកាសឲ្យដឹងរបស់ ពូឃ្លាំង បានបញ្ជាក់ថា ភរិយារបស់លោកបានបើកឱកាសឲ្យលោកបានប្រឡូកយ៉ាងពេញទំហឹង នៅក្នុងការងារសិល្បៈឡើងវិញ ដើម្បីទទួលបាននូវប្រជាប្រិយភាពដូចដើម និងសុខចិត្តមើលការខុសត្រូវរ៉ាប់រងលើមុខជំនួញ ជំនួសប្ដីទាំងអស់ទៀតផង។ អ្វីដែលសំខាន់ គឺឲ្យតែប្ដីសប្បាយចិត្ត។

សូមបញ្ជាក់ថា តារាចម្រៀងហ៊ីបហប ពូឃ្លាំង ធ្វើឲ្យមហាជន និងអ្នកគាំទ្រ ចាប់អារម្មណ៍សារជាថ្មីម្ដងទៀត តាមរយៈការបញ្ចេញនូវបទចម្រៀងថ្មីបែបសប្បាយៗ ចំនួន២បទមានចំណងជើងថា « 3 Some» និងបទ «គ្រលាស់» ដែលកំពុងតែទទួលបានការគាំទ្រ និងនិយមស្ដាប់កម្សាន្តពីសំណាក់មហាជនទូទៅ។ បទថ្មីទាំងពីរនេះ បានបង្ហាញពីសន្ទុះនៃការគាំទ្រចំពោះតារាចម្រៀង ពូឃ្លាំង គឺនៅតែខ្លាំងដដែល បើទោះបីជាតារារូបនេះ បានចាកឆ្ងាយពីសិល្បៈ អស់រយៈពេលជិត១០ឆ្នាំមកហើយក្ដី៕