(បរទេស)៖ ក្រុមហ៊ុន Meta Platforms ទើបតែបានប្រកាសឱ្យដឹងថា លោក Javier Olivan នឹងត្រូវចូលមកកាន់ តំណែងប្រធានចាត់ការទូទៅ (COO) ជំនួសលោកស្រី Sheryl Sandberg ដែលបានប្រកាសលាឈប់ពីតំណែង ខណៈដែល អ្នកទាំងពីរត្រូវបានគេដឹងថា បានដើរតួយ៉ាងសំខាន់នៅក្នុងបណ្ដាញសង្គមយក្សមួយនេះអស់រយ:ពេលជិត ១៥ឆ្នាំមកហើយ។

លោកស្រី Sheryl Sandberg ជាមនុស្សជំនិតបំផុតរបស់លោក Mark Zuckerberg ស្ថាបនិក និងជា CEO របស់ Meta ហើយរយ:ពេលជាង ១៤ឆ្នាំកន្លងមកនេះ គឺលោកស្រីបានជួយជ្រោមជ្រែង និងធ្វើឱ្យ Facebook ក្លាយជាបណ្ដាញសង្គមយក្ស ដែលរកចំណូលបានយ៉ាងច្រើនសន្ធឹកដូចសព្វថ្ងៃ ប៉ុន្តែបើគេចូលឱ្យជ្រៅទៅនឹង កិច្ចការងារផ្ទៃក្នុងរបស់ Facebook នោះគេនឹង ដឹងថា លោក Javier Olivan ក៏ជាមនុស្សសំខាន់មួយរូប ដែលបានជួយ Facebook រីកចម្រើន ដោយកិច្ចការងារដែលលោក បានធ្វើគឺមិនចាញ់លោកស្រី Sheryl Sandberg ឡើយ ហើយ ថ្នាក់ដឹកនាំ របស់ Facebook ភាគច្រើនបានដឹងថា បុគ្គលទាំងពីរនាក់នេះគឺម្នាក់ជាអ្នកនៅខាងមុខឆាក (លោកស្រី Sheryl Sandberg) និងម្នាក់ទៀតគឺនៅខាងក្រោយឆាក (លោក Javier Olivan)។

លោក Javier Olivan បានធំធាត់ឡើងនៅក្នុងតំបន់ Pyrenees ភាគខាងជើងនៃប្រទេសអេស្ប៉ាញ និងបានទទួលបញ្ចប់ការសិក្សាផ្នែកវិស្វកម្មអគ្គិសនី និងឧស្សាហកម្មពីសាកលវិទ្យាល័យ Navarra និងអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Stanford។

មុនពេលចូលបម្រើការងារ Facebook លោកបានបម្រើការងារនៅក្នុងក្រុមហ៊ុន NTT និង Siemens ជាប្រធានផ្នែកកំណើនអន្តរជាតិ ហើយនៅចុងឆ្នាំ ២០០៧ លោកបានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Facebook doyការងារដំបូងដែលគាត់បានធ្វើនៅក្នុងក្រុមហ៊ុន គឺសិក្សាពីលទ្ធភាពនៃការពង្រីកទីផ្សាររបស់ Facebook ទៅកាន់ បណ្ដាប្រទេសផ្សេងៗនៅជុំវិញពិភពលោកដូចជាប្រទេសឥណ្ឌា ជប៉ុន រុស្សី ឥណ្ឌូនេស៊ី និងប្រេស៊ីល ដែលការពង្រីក ទីផ្សារនេះគឺធ្វើឡើងដើម្បីស្វែងរកប្រាក់ចំណូលតាមរយ:ការបង្កើនចំណូលអ្នកប្រើប្រាស់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម នៅ ក្នុង តំបន់ ដែលនេះជាផ្នែកមួយនៃផែកការណ៍បង្កើនប្រាក់ចំណូលរបស់លោកស្រី Sheryl Sandberg។

នៅក្នុងអំឡុងពេលនោះផងដែរ ក៏មានការផ្ទុះមតិរិះគន់ចំពោះ Facebook ផងដែរ ពាក់ព័ន្ធនឹងការការពារមិនបានគ្រប់ គ្រាន់ ទៅលើការរីករាលដាល់នៃព័ត៌មានមិនពិត ការនិយាយស្អប់ ឬខ្លឹមសារដែលបង្កជាគ្រោះថ្នាក់នៅក្នុងទីផ្សារដែលកំពុង រីក ចម្រើន។

អាចបណ្ដាលមកពីបញ្ហានេះផងដែរ ទើបលោក Javier Olivan ត្រូវបាន Facebook ផ្ដល់តំណែងជា ប្រធាន Chief Growth Officer ដោយទទួលបន្ទុកទៅលើមុខងារសំខាន់ៗរបស់ Facebook, Messenger , Instagram និង WhatsApp។

ចំពោះការឡើងកាន់តំណែងថ្មីនេះ លោក Mark Zuckerberg បានបញ្ជាក់បន្ថែមទៀតថា លោក Javier Olivan នឹងបន្តដឹកនាំហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍សាជីវកម្មរបស់ក្រុមហ៊ុន ដោយក្នុងនោះលោក Javier Olivan ក៏នឹង ធ្វើការងាររួមគ្នាជាមួយលោកស្រី Sheryl Sandberg ដើម្បីឱ្យការផ្ទេរការងារមានភាពរលូន ខណ:ដែលលោកស្រី Sheryl Sandberg គឺនៅបន្តការងារជាសមាជិកក្រុមប្រឹក្សាភិបាល។

បន្ទាប់ពី Meta បានប្រកាសពីការឡើងកាន់តំណែងថ្មីនេះ មានសំណួរសំខាន់មួយ បានចោទឡើងថា តើ Olivan នឹង «យកចិត្តទុកដាក់បន្ថែមទៀត» ចំពោះបញ្ហាទាក់ទងនឹងភាពឯកជននៃទិន្នន័យរបស់អ្នកប្រើប្រាស់ក្នុងកម្រិតណា?