(ម៉ាទ្រីដ)៖ ក្រុមបាល់បោះរបស់ក្លិប Real Madrid បានអះអាងនៅថ្ងៃអាទិត្យថា គ្រូបង្វឹករបស់ក្លិប លោក Pablo Laso បានស្ថិតនៅឯមន្ទីរពេទ្យ បន្ទាប់ពីមានបញ្ហាគាំងបេះដូង, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២នេះ។

«Real Madrid C. F. សូមបញ្ជាក់ថា គ្រូបង្វឹករបស់យើង Pablo Laso ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Sanitas La Moraleja University Hospital បន្ទាប់ពីមានរោគគាំងបេះដូង នៅព្រឹកនេះ», នេះបើយោងតាមគេហទំព័រផ្លូវការរបស់ក្លិប។

បុរសវ័យ៥៤ឆ្នាំ បានទទួលរងបញ្ហាគាំងបេះដូង ត្រឹមប៉ុន្មានម៉ោង បន្ទាប់ពីក្រុមរបស់លោក បាននាំមុខ២-០ នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រល្អបំផុត ក្នុងចំណោម៥ប្រកួត នៅក្នុងការប្រកួតជម្រុះ នៃលីគអេស្ប៉ាញ Spanish Liga ACB កាលពីយប់ថ្ងៃសៅរ៍ ជាមួយនឹងជ័យជំនះ៨៣-៧១ ប៉ះនឹងក្រុម Bitci Baskonia។

អតីតកីឡាកររូបនេះ បានចូលដឹកនាំក្លិប Real Madrid ក្នុងឆ្នាំ២០១១ ហើយបានក្លាយជាគ្រូបង្វឹកម្នាក់ ក្នុងចំណោមគ្រូបង្វឹកដែលជោគជ័យបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប, ដោយបានដឹកនាំក្រុម ឈ្នះពានរង្វាន់ ACB league ចំនួន៥, ពានរង្វាន់ Copa del Rey ចំនួន៦ និងពានរង្វាន់ EuroLeague ចំនួន២៕