(សេអ៊ូល)៖ ក្រុមជម្រើសជាតិកូរ៉េខាងត្បូង នៅតែមានភាពជឿជាក់លើទម្រង់លេង របស់លោកគ្រូបង្គោល Paulo Bento បើទោះបីជាបានចាញ់៥-១ ក្រោមថ្វីជើងក្រុមជម្រើសជាតិប្រេស៊ីល ក្នុងការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ កាលពីសប្តាហ៍មុនក្តី, នេះបើតាមការលើកឡើងពីខ្សែប្រយុទ្ធ Hwang Hee-chan ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២នេះ។

នៅក្នុងការប្រកួតកាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនាកន្លងទៅនេះ ខ្សែប្រយុទ្ធប្រេស៊ីល Neymar បានស៊ុតបាល់ពិន័យប៉េណាល់ទីចំនួន២គ្រាប់ ខណៈក្រុមមកពីទ្វីបអាមេរិកខាងត្បូងមួយនេះ បានគ្រប់គ្រងបាល់ច្រើនជាងក្រុមកូរ៉េខាងត្បូង។

"យើងយល់ពីការព្រួយបារម្ភរបស់អ្នកគាំទ្រ, ហើយយើងក្នុងនាមជាកីឡាករ ក៏មានការព្រួយបារម្ភខ្លះដែរ, ប៉ុន្តែយើងនៅតែជឿជាក់លើទម្រង់លេង ដោយសារយើងបាន ធ្វើនូវរឿងអស្ចារ្យមួយចំនួនរួចហើយ ក្នុងទម្រង់លេងនោះ ហើយថែមទាំងមានពេលវេលាល្អខ្លះផងដែរ នៅក្នុងការប្រកួតប៉ះប្រេស៊ីល។ យើងនៅតែបន្ត ស្ថិតក្នុងដំណើរការ នៃការសិក្សាពីរបៀប ដើម្បីប្រកួតឲ្យបានឈ្នះ ជាមួយនឹងទម្រង់នោះ", នេះបើតាមសម្តីកីឡាករ Hwang ដែលកំពុងលេងនៅក្លិប Wolverhampton Wanderers ស្ថិតក្នុងលីគអង់គ្លេស Premier League។

សូមជម្រាបថា កូរ៉េខាងត្បូង នឹងប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ជាមួយឈីលី នៅថ្ងៃចន្ទ៕