(បរទេស)៖ ថ្មីៗនេះតុលាការអូស្រ្តាលីបានបញ្ជាឱ្យក្រុមហ៊ុន Google បង់ប្រាក់ចំនួន ៧១៥,០០០ដុល្លារអូស្រ្តាលី (ប្រហែល ៥១៥,០០០ ដុល្លាអាមេរិក) ដល់អតីតសមាជិកសភាជាន់ខ្ពស់ម្នាក់ បន្ទាប់ពីបានរកឃើញថាមានយុទ្ធនាការ «មិនឈប់ឈរការរើសអើងជាតិសាសន៍ ការប្រមាថមើលងាយ និងបង្ខូចកេរ្តិ៍ឈ្មោះ» ពីសំណាក់អ្នកអត្ថាធិប្បាយ YouTube បានជម្រុញឱ្យលោកឈប់ធ្វើនយោបាយមុនអាយុតែម្តង។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២។

ទាក់ទិននឹងរឿងរ៉ាវនេះ ចៅក្រមលោក Steve Rares បានប្រាប់ទៅតុលាការថា គឺបណ្តាលមកពីវីដេអូអ្នកអត្ថាធិប្បាយនយោបាយម្នាក់របស់ YouTube គឺលោក Jordan Shanks បានចោទសួរអំពីសុចរិតភាពរបស់អតីតសមាជិកសភា លោក John Barilaro រួមទាំងពណ៌នាថាលោកធ្វើការ «ពុករលួយ» ដោយគ្មានភស្តុតាង និងបានផ្តល់រហ័សនាមឱ្យលោកថា ជាអ្នកប្រកាន់ពូជសាសន៍ «គ្មានអ្វីតិចជាងពាក្យស្អប់» នោះឡើយ។

យ៉ាងណាមិញតុលាការសហព័ន្ធក៏បានរកឃើញដែលថា Google ដែលមានមេធំ Alphabet Inc ហើយក៏ជាមេធំរបស់បណ្តាញសង្គម YouTube ផងដែលនោះ រកបានប្រាក់រាប់ពាន់ដុល្លារដោយការបង្ហោះវីដេអូចំនួនពីរ ដែលវាយប្រហារទៅលើឧបនាយករដ្ឋមន្ត្រីនៃរដ្ឋ New South Wales ដោយជារដ្ឋមានប្រជាជនរស់នៅច្រើនជាងគេរបស់អូស្រ្តាលី និងមានអ្នកទស្សនាជិត ៨០០,០០០ដង រវាងពួកគេចាប់តាំងពីត្រូវបានបង្ហោះនៅចុងឆ្នាំ២០២០។

ទន្ទឹមនឹងនេះលោក Rares ក៏បានបន្ថែមទៀតថា នៅក្នុងខែតុលា ឆ្នាំ២០២១ លោក Barilaro ក៏បានសម្រេចចិត្តលាឈប់ពីឆាកនយោបាយតែម្តង ក្រោមហេតុផលមួយចំនួនដោយសារលោក «ត្រូវបានប៉ះទង្គិចដោយយុទ្ធនាការរបស់ Google និងលោក Shanks ហើយ…វាបណ្តាលឱ្យលោកចាកចេញពីតំណែងជាសាធារណៈមុនអាយុ»។ ហើយលោកក៏បញ្ជាក់ទៀតថា«ខ្ញុំបានរកឃើញថា ការប្រព្រឹត្តិរបស់ Google ក្នុងដំណើរការនេះមិនត្រឹមត្រូវ និងមិនសមហេតុផល»នោះឡើយ។

តែយ៉ាងណាមិញពាក់ព័ន្ធទៅនឹងករណីខាងលើនេះមិនទាន់មានការអត្ថាធិប្បាយណាមួយពីភាគីទាំងសងខាងនោះឡើយ៕