(លីវើភូល)៖ អនុប្រធានក្រុម កីឡាករ James Milner បានព្រមព្រៀងក្នុងការចុះកិច្ចសន្យាថ្មី មានរយៈពេល ១ឆ្នាំដែលនឹងបន្តរក្សារូបលោកលេងនៅក្លិប Liverpool សម្រាប់រដូវកាលទី៨ ទៀត។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។

អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេស វ័យ ៣៦ឆ្នាំរូបនេះបានចូលរួមជាមួយ Liverpool លើការផ្ទេរដោយគ្មានតម្លៃខ្លួនកាលពីឆ្នាំ២០១៥ បន្ទាប់ពីចាកចេញពីក្លិបរួមលីគ Manchester City។

លោកបានបង្ហាញខ្លួន ២៨៩ប្រកួតសម្រាប់ហង្សក្រហម Liverpool និងបានឈ្នះពានរង្វាន់ធំៗចំនួន៦ ក្នុងនោះរួមទាំងពានរង្វាន់ Premier League, Champions League, FA Cup និងពានរង្វាន់ League Cup ផងដែរ។

កីឡាករ Milner ដែលកិច្ចសន្យាចាស់របស់លោកនឹងផុតកំណត់នៅបំណាច់ខែនេះនោះ បានទទួលការផ្តល់ជូនពីសំណាក់ក្លិបយ៉ាងហោចណាស់មួយ ដែលលេងនៅលីគ Premier League និងក្លិបចំនួន២ មកពីក្រៅប្រទេស ប៉ុន្តែបានសម្រេចចិត្តបន្តលេងនៅ Liverpool តាមរយៈការចុះកិច្ចសន្យាថ្មី ដែលនឹងបន្តលេងរហូតដល់រដូវក្តៅឆ្នាំ២០២៣។

Milner បានបង្ហាញទម្រង់លេងយ៉ាងល្អ ទាំងក្នុងតំណែងជាខ្សែការពារ និងខ្សែបម្រើ ស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ Jurgen Klopp។

លោកបានបង្ហាញខ្លួនជាលើកដំបូងលេងក្នុងលីគ Premier League សម្រាប់ក្លិប Leeds United កាលពីខែវិច្ឆិកា ឆ្នាំ២០០២ ក្នុងវ័យ១៦ឆ្នាំ ហើយកិច្ចសន្យាថ្មីរបស់កីឡាករ Milner នឹងត្រូវបានគេមើលឃើញថា អាជីពរបស់លោកលេងនៅលីគកំពូលអង់គ្លេសនេះ នឹងបន្តរហូតដល់រយៈពេល ២ទសវត្សរ៍៕