(ប៉ារីស)៖ ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe លេងនៅក្លិប Paris St-Germain បានជាប់ជាកីឡាករដែលមានតម្លៃផ្ទេរថ្លៃជាងគេបំផុតនៅលើពិភពលោកនាពេលនេះ។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនស្រាវជ្រាវ CIES Football Observatory ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន BBC នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។

Mbappe ដែលមានវ័យ ២៣ឆ្នាំ បានបដិសេធផ្លាស់ទៅក្លិបអេស្ប៉ាញ Real Madrid ដើម្បីបន្តលេងឲ្យ PSG នោះបានឈរនៅកំពូលតារាងជាមួយនឹងតម្លៃផ្ទេរប្រមាណ ២០៥.៦លានអឺរ៉ូ (១៧៥.៧លានផោន)។

ជាមួយគ្នានោះ ខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីល Vinicius Jr លេងនៅក្លិប Real Madrid ដែលបានស៊ុតបាល់បញ្ចូលទីនាំឲ្យទទួលបានជ័យជម្នះក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League លើក្រុម Liverpool នោះ បានឈរនៅលំដាប់ទី២ ក្នុងតារាង ដែលមានតម្លៃខ្លួន ១៥៨.៣លានផោន ខណៈខ្សែប្រយុទ្ធសញ្ជាតិន័រវេស Haaland របស់ក្លិប Manchester City ជាប់ចំណាត់ថ្នាក់ទី៣ ជាមួយនឹងតម្លៃផ្ទេរ ១៣០.៤លានផោន។

ក្រុមហ៊ុនស្រាវជ្រាវ CIES បានប្រើប្រាស់រូបមន្តជាច្រើន ក្នុងនោះរួមទាំងអាយុរបស់កីឡាករ ទម្រង់លេង តម្លៃសេដ្ឋកិច្ចនៃក្លិបរបស់ពួកគេ និងអតិផរណា ដើម្បីធ្វើការប៉ាន់ស្មានពីតម្លៃផ្ទេររបស់កីឡាករ។

Mbappe បានចុះកិច្ចសន្យាថ្មីមួយមានរយៈពេល ៣ឆ្នាំជាមួយក្លិប PSG កាលពីខែមុន ដោយសារលោកជ្រើសរើសបន្តលេងនៅក្លិបដែលមានមូលដ្ឋាននៅទីក្រុង Paris ជាជាងផ្លាស់ទៅលេងឲ្យក្លិប Real Madrid ដែលឈ្នះពានរង្វាន់ La Liga និង Champions League រដូវកាលនេះ។

ម្ចាស់ពានរង្វាន់ World Cup រូបនេះ បានស៊ុតបាល់បញ្ចូលទី២៨គ្រាប់ ក្នុងការប្រកួតលីគ Ligue 1 ដែលបានជួយឲ្យ PSG ឈ្នះពានរង្វាន់ក្នុងរដូវកាល២០២១-២២៕