(កោះកុង)៖ កូនខ្មែរចំនួន៤រូប មានដើមកំណើតជាអ្នកកោះកុង ជាកីឡាករប្រដាល់ក្បាច់គុណខ្មែរ ទទួលបានមេដាយមាស និងសំរិទ្ធនៅក្នុងព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម ត្រូវបានអភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម ដើម្បីអបអរសាទរ ហើយក៏មានការដង្ហែក្បួនកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២។

ជាមួយនិងលទ្ធផលដ៏អស្ចារ្យមួយនេះ លោកស្រី មិថុនា ភូថង បានសម្តែងនូវក្តីរំភើប និងកោតសរសើរកីឡាករកម្ពុជាទាំង៤រូប ដែលមានសមត្ថភាពក្នុងការដណ្តើមបានមេដាយចំនួន៤គ្រឿង ក្នុងព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣១ នៅវៀតណាម ជូនប្រទេសជាតិ។

លោកស្រី ក៏បានប្រគល់រង្វាន់លើកទឹកចិត្តដល់កីឡាករដែលទទួលមេដាយទាំង៤រូប និងគ្រូបង្វឹក៤រូប មុនលោកស្រី និងប្រតិភូកីឡា អមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រុមយុវជន និងប្រជាពលរដ្ឋនៅក្នុងក្រុងខេមរភូមិន្ទ បើកក្បួនដង្ហែពីមុខសាលាខេត្តកោះកុង សំដៅទីច្រកអន្តរជាតិចាំយាម នៃស្រុកមណ្ឌលសីមា និងត្រឡប់មកក្រុងខេមរភូមិន្ទវិញ ដោយមានការអបអរសាទរពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោកស្រីអភិបាលខេត្ត ក៏បានផ្តល់ថវិកាលើកទឹកចិត្តដល់កីឡាករ ដែលទទួលបានមេដាយមាស២រូប ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១០លានរៀល, កីឡាករទទួលបានមេដាយសំរិទ្ធ២រូប ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥លានរៀល និងគ្រូបង្វឹកចំនួន៤រូប បានទទួលថវិកាក្នុងម្នាក់ៗចំនួន២លានរៀលផងដែរ។ ទន្ទឹមនោះផងដែរ លោកស្រីអភិបាលខេត្តក៏ សូមជំរុញឲ្យកីឡាករទាំងអស់ធ្វើការហ្វឹកហាត់បន្ថែមទៀត ដើម្បីយកជ័យជម្នះបន្តទៀតជូន ប្រទេសជាតិ ខណៈដែលប្រទេសរបស់យើងនឹងធ្វើជាម្ចាស់ផ្ទះនៃព្រិត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅឆ្នាំក្រោយ៕