(ភ្នំពេញ)៖ មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ មានសេចក្តីសោមន្សរីករាយយ៉ាងខ្លាំងដែលបានទទួលពានល្អបំផុតប្រចាំឆ្នាំក្នុងប្រទេសកម្ពុជាផ្នែកជំងឺក្រពះពោះវៀន និង មន្ទីរពេទ្យថ្មីឆ្នើមប្រចាំឆ្នាំក្នុងប្រទេសកម្ពុជា។

លោក លឹម តារារិទ្ធ អគ្គនាយកប្រតិបត្តិរបស់មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ បានទទួលពានរង្វាន់ទាំង២នេះនៅកម្មវិធី Cambodia Healthcare Awards ឆ្នាំ២០២២ ដែលបានធ្វើនៅថ្ងៃទី២៨ ខែឩសភា។ Cambodia Healthcare Awards 2022 ត្រូវបានរៀបចំឡើងដោយ Global Health Asia-Pacific និង Cam-Jade Asia។

ក្រោយទទួលបានពានពី Global Health Asia-Pacific លោក លឹម ដារារិទ្ធ បានចែករំលែកថាពាននេះពិតជាមានតម្លៃយ៉ាងខ្លាំងសម្រាប់មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ដើម្បីបន្តផ្ដល់ជូនការថែទាំឱ្យកាន់តែល្អប្រសើរជូនអ្នកជំងឺ។
ពានរង្វាន់ទាំង២នេះត្រូវបានផ្ដល់ជូនដល់មន្ទីរពេទ្យស្តង់ដាអន្តរជាតិ ដឹ ប្រេស្ទីហ្ស៍ ដើម្បីបង្ហាញការទទួលស្គាល់ពីការរីកចំរើនយ៉ាងឆាប់រហ័សក្នុងរយៈពេលពេញមួយឆ្នាំនេះ។

មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ត្រូវបានគេស្គាល់ថាជាមន្ទីរពេទ្យដែលផ្ដល់ជូនការថែទាំស្តង់ដាអន្តរជាតិ ដោយវេជ្ជបណ្ឌិតជំនាញៗមកពីបរទេសនិងក្នុងស្រុក។

ក្នុងឆ្នាំ២០២២ មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ បានបើកសម្ភោធផ្នែកឯកទេសចំនួន២៥ ផ្នែកសង្គ្រោះបន្ទាន់ បន្ទប់វះកាត់ខ្នាតតូចធំ និងបន្ទប់សម្រាកព្យាបាល២៤ម៉ោង។

បន្ថែមពីលើក្រុមវេជ្ជសាស្រ្តជំនាញៗមកពីប្រទេសបារាំងនិងកាណាដា មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ក៏បានបំពាក់ដោយឩបករណ៍វេជ្ជសាស្រ្តទំនើបៗ ដើម្បីបំពេញតម្រូវការដល់អ្នកជំងឺតាមស្តង់ដាអន្តរជាតិ៕