(ភ្នំពេញ)៖ ពិតជាមិនគួរឲ្យជឿ ចំពោះជោគវាសនារបស់មនុស្សម្នាក់ៗ ខណៈដែលអតីតអ្នកនិពន្ធភាពយន្ត និងនិពន្ធបទចម្រៀងលោក សាន សេកសុខុម បន្ទាប់ពីបានបាត់មុខពីការងារសិល្បៈ អស់រយៈពេលប្រមាណជាជិត ៤ឆ្នាំមករួចមក ទើបតែពេលនេះធ្លាយចេញព័ត៌មានមកថា លោកទើបតែរៀបការជាមួយនឹងនារីជាអានិកជនខ្មែរ នៅក្នុងប្រទេសអូស្រ្តាលីម្នាក់ ហើយក៏កំពុងតែត្រៀមលុយទិញផ្ទះ មានតម្លៃជិត ១លានដុល្លារក្នុងរដ្ឋ Melbourne ថែមទៀតផង ប៉ុន្តែមិនទាន់ត្រូវតម្លៃ។

ឆ្លើយឆ្លងជាមួយនឹង Fresh News Plus តាមរយៈសារអេឡិចត្រនិច អតីតកវីនិពន្ធ សាន សេកសុខុម បានប្រាប់ឲ្យដឹងថា បន្ទាប់ពីឃ្លាតកាយឆ្ងាយពីសិល្បៈ លោកបានសម្រេចចិត្តទៅរស់នៅប្រទេសអូស្ត្រាលី តាមរយៈការណែនាំពីសំណាក់បងប្រុសរបស់លោក កាលពីអំឡុងឆ្នាំ២០១៨។ លោកបន្តថា រហូតមកដល់ពេលនេះ លោកពិតជាទើបតែរៀបការនៅអូស្រ្តាលីពិតមែន ជាមួយនឹងនារីអានិកជនខ្មែរម្នាក់ ហើយចំណងអាពាហ៍ពិពាហ៍របស់លោក គឺកើតចេញពីការណែនាំពីសំណាក់ចាស់ទុំរៀបចំផ្សំផ្គុំឲ្យ។

លោក សាន សេកសុខុម បន្តថា ចំពោះព័ត៌មានថា លោកកំពុងរកទិញផ្ទះនោះ វាគឺជាការពិត តែពេលនេះលោករកទិញមិនទាន់បាននៅឡើយទេ តែក៏មិនឲ្យហួសពីឆ្នាំ២០២២នេះដែរ។ លោកនិយាយថា «បាទបង..! ផ្ទះនៅអូស្រ្តាលីថ្លៃៗខ្លាំងណាស់ ទីតាំងល្អតម្លៃមិនក្រោម ១លានដុល្លារទេ គាប់ជួនលុយរបស់ខ្ញុំ និងគ្រួសារមិនទាន់គ្រប់ចំនួននៅឡើយ ខ្ញុំនៅចាំមើលបន្តិចទៀតសិនបង..!»

គេនៅចាំបានថា កវីនិពន្ធលោក សាន សេកសុខុម គឺជាអ្នកនិពន្ធល្បីឈ្មោះមួយរូប ប្រចាំផលិតកម្ម «សាន់ដេ» អំឡុងឆ្នាំ២០១៦ ព្រោះរាល់ស្នាដៃរបស់លោកបានជួយឲ្យតារាជាច្រើនរូប មានឈ្មោះបោះសំឡេង ដូចជាលោក ជុំ លីណូ, លោក មាស សាលី, លោក ប៊ុន ស័ក្កិ, លោក សូ លីដូ និងអ្នកនាង ផាន់ ម៉ូនីកា ជាដើម។ ប៉ុន្តែការប្រកបមុខរបរប្រើចុងប៊ិចធ្វើជាដើមទុននេះ មិនបានជួយឲ្យលោករួចផុត ពីជីវភាពបែបអ្នកស្រុកស្រែចំការឡើយ។

ហេតុផលខាងលើនេះហើយ ដែលនាំឲ្យលោកសម្រេចចិត្តជ្រើសយកជម្រើសចាកចេញ ទៅរស់នៅប្រទេសអូស្ត្រាលី តាមរយៈការធានាពីសំណាក់បងប្រុសរបស់លោក កាលអំឡុងពីឆ្នាំ២០១៨។ ទើបតែថ្មីៗ បានលេចឡើងនូវព័ត៌មានថាលោក សាន សេកសុខុម បានរៀបការជាមួយនារីអានិកជនម្នាក់ ជាបុគ្គលិកក្រុមហ៊ុនមួយនៅអូស្រ្តាលី បានរយៈពេលជិតមួយខែមកមកហើយ៕