(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះឥណ្ឌា នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះ ក្នុងជំនួបបើកឆាកពូល D នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2023 កីឡដ្ឋាន Salt Lake នាទីក្រុងកុលកាតា។

ប៉ុន្ដែមុនការប្រកួតមកដល់ យោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC គេឃើញមានការផ្លាស់ប្ដូរពេលវេលាប្រកួតថ្មី ក្នុងនោះការប្រកួតដំបូងរបស់ក្រុមគោព្រៃកម្ពុជា និងឥណ្ឌា ដែលគ្រោងប្រកួតនាម៉ោង ៥៖៣០នាទីល្ងាច ត្រូវបានប្ដូរទៅប្រកួតនាវេលាម៉ោង ១០យប់វិញ (ម៉ោងនៅកម្ពុជា)។

ដោយឡែក ២ប្រកួតទៀត ក៏បានប្ដូរម៉ោងប្រកួតថ្មីដែររួមមានកម្ពុជា ប៉ះហុងកុង នាថ្ងៃទី១១-មិថុនា បានប្ដូរពីម៉ោង ៥៖៣០នាទី ទៅប្រកួតម៉ោង ៦៖៣០នាទីល្ងាចវិញ (ម៉ោងនៅកម្ពុជា) និងថ្ងៃទី១៤-មិថុនា កម្ពុជា ប៉ះអាហ្វហ្គានីស្ថាន បានប្ដូរពីម៉ោង ៩៖៣០នាទីយប់ មកប្រកួតនៅម៉ោង ៦៖៣០នាទីល្ងាចវិញ (ម៉ោងនៅកម្ពុជា)។

សូមបញ្ជាក់ថា មុនឡើងមកដល់វគ្គជម្រុះជុំចុងក្រោយនេះ ក្រុមគោព្រៃកម្ពុជា បានទម្លាក់ក្រុមកោះហ្គាំរបស់សហរដ្ឋអាមេរិកទាំង ២ជើងកាលពីវគ្គ Play-Off ដោយលទ្ធផល ៣-១ នៅប្រទេសបារែន។ រីឯក្រុមដែលកំពុងឈរចាំនៅជុំផ្ដាច់ព្រ័ត្រវិញ គឺមាន ១៣ក្រុម រួមមានចិន, ស៊ីរី, អូស្ដ្រាលី, អ៊ីរ៉ង់, អារ៉ាប៊ីសាអ៊ូឌីត, កាតា, ជប៉ុន, អារ៉ាប់រួម, កូរ៉េខាងត្បូង, អ៊ីរ៉ាក់, អូម៉ង់, វៀតណាម និងលីបង់៕