(កូរ៉េ)៖ យោងតាមការបង្ហោះ Poster ថ្មី បានបង្ហាញថា BTS កំពុងរៀបចំកម្មវិធីផ្សាយផ្ទាល់ពិសេសនៅថ្ងៃទី១៣ ខែមិថុនាខាងមុខ ហើយបានប្រកាសថា ព្រឹត្តិការណ៍នេះនឹងរួមបញ្ចូលភ្ញៀវពិសេសផងដែរ។ ព្រឹត្តិការណ៍នេះនឹងមានការថតទុកជាមុន សម្រាប់កម្មវិធី «M Countdowns» របស់ Mnet ជាមួយអ្នកគាំទ្រផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន All-KPOP នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។

បើតាមការប្រកាសរបស់ផលិតកម្ម Big Hit Music បានឲ្យដឹងថា «ការថតនេះនឹងធ្វើឡើងនៅថ្ងៃពិសេស សម្រាប់តែសមាជិក BTS និងអ្នកគាំទ្រ (ARMYs)ប៉ុណ្ណោះ។ យើងបានបង្កើនទំហំ និងចំនួនកៅអីសម្រាប់ ARMYs បន្ថែមទៀតដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នេះ តាមដែលអាចធ្វើទៅបាន»

គួរបញ្ជាក់ថា ការថតទុកមុននឹងធ្វើឡើងនៅថ្ងៃទី១៣ ខែមិថុនា នៅកីឡដ្ឋាន Jangchoong ហើយព្រឹត្តិការណ៍នេះនឹងផ្ទុកមនុស្សចំនួន ៤,០០០នាក់ និងកៅអីបម្រុងចំនួន១០០បន្ថែមទៀត។ នេះត្រូវបានគេដឹងថា ជាការប្រគំតន្ត្រីដោយផ្ទាល់របស់ BTS ជាលើកដំបូងហើយ ក្នុងរយៈពេលជាង២ឆ្នាំមកនេះ៕