(ភ្នំពេញ)៖ សាកលវិទ្យាល័យអូកាយ៉ាម៉ា បានប្រកាសបើកសម្ពោធការិយាល័យរបស់ខ្លួន ក្នុងប្រទេសកម្ពុជាជាផ្លូវការ ដែលមានទីតាំងក្នុងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្នុងរាជធានីភ្នំពេញ។

ការបើកសម្ពោធការិយាល័យជាផ្លូវការក្នុងប្រទេសកម្ពុជានេះ ធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ក្នុងគោលបំណងបង្កើនភាពងាយស្រួល ដល់និស្សិតកម្ពុជាដែលមានបំណងចង់ទៅសិក្សានៅប្រទេសជប៉ុន ទទួលបានព័ត៌មាននានា ដូចជាព័ត៌មានអំពីអាហារូបករណ៍ជាដើម។
សាកលវិទ្យាល័យអូកាយ៉ាម៉ា ត្រូវបានចាត់តាំងដោយក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ដ និងបច្ចេកទេស (MEXT) ក្នុងឆ្នាំ២០១៩ ឱ្យអនុវត្តគម្រោង និងធ្វើជាអ្នកសម្របសម្រួល សម្រាប់ការសិក្សានៅប្រទេសជប៉ុនក្នុងតំបន់អាស៊ាន។

សូមបញ្ជាក់ថា សាកលវិទ្យាល័យអូកាយ៉ាម៉ា ក៏ត្រូវបានចាត់តាំងឱ្យអនុវត្តគម្រោងនេះ ជាអ្នកសម្របសម្រួលសម្រាប់ការសិក្សានៅប្រទេសជប៉ុន នៅប្រទេសមីយ៉ាន់ម៉ាផងដែរកាលពីឆ្នាំ២០១៤ ហើយបានបង្កើនចំនួននិស្សិតមីយ៉ាន់ម៉ា ទៅសិក្សានៅប្រទេសជប៉ុនទ្វេដង ត្រឹមតែរយៈពេល៥ឆ្នាំប៉ុណ្ណោះ។

សាកលវិទ្យាល័យអូកាយ៉ាម៉ានឹងបន្តគាំទ្រ ព្រមទាំងផ្តល់ការប្រឹក្សាយោបល់ដល់និស្សិត និងគ្រូមកពីប្រទេសអាស៊ាន មានបំណងចង់ទៅសិក្សានៅប្រទេសជប៉ុន ជាមួយនឹងចំណេះដឹង បទពិសោធន៍ជាច្រើន ដែលប្រមូលបានមកពីប្រទេសផ្សេងៗដូចជា ប្រទេសមីយ៉ាន់ម៉ា ព្រមទាំងបានមកសម្ព័ន្ធសាកលវិទ្យាល័យ និងអង្គការពាក់ព័ន្ធដទៃទៀតផងដែរ។

ប្រសិនបងប្អូនសិស្សានុសិស្ស ឬអ្នកមានចំណាប់អារម្មណ៍ចង់ទៅសិក្សានៅប្រទេសជប៉ុន ឬចង់ដឹងព័ត៌មាននៃការសិក្សាផ្សេងៗ សូមអញ្ជើញមកទទួលព័ត៌មានដោយសេរី និងឥតគិតថ្លៃ។

សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញ មកការិយាល័យដោយផ្ទាល់រៀងរាល់ម៉ោងធ្វើការ ដែលមានទីតាំងស្ថិតនៅបន្ទប់សាគូរ៉ាលេខ១ជាន់ផ្ទាល់ដី ក្នុងមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ៖ 093 738 410/ 093 738 420 ឬតេឡេក្រាមតាមរយៈលេខទូរស័ព្ទខាងលើនេះ។

បន្ថែមពីនេះអាចចូលទៅកាន់គេហទំព័រ Facebook Page៖ OJEIC Cambodia/ Study in Japan Global Network Project-ASEAN for Cambodia ឬតាមរយៈអ៊ីម៉ែល៖ [email protected]