(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន Meta Platform Inc បានតែងតាំងអនុប្រធានក្រុមហ៊ុន លោក Guy Rosen ជាប្រធានសន្តិសុខព័ត៌មាន (Chief information security officer ឬ CIOS) និងជាមនុស្សដំបូងគេដែល បាន ឡើងកាន់តំណែងមួយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។

តាមពិតទៅមុខតំណែង «ប្រធានសន្តិសុខព័ត៌មាន ឬ CISO» ទើបតែមាន ក្រោយពេលដែល Facebook បានប្ដូរឈ្មោះទៅជា Meta ប៉ុណ្ណោះ ខណៈដែលកាលពីមុន លោក Alex Stamos គឺជាអ្នកកាន់តំណែតជា ប្រធាន សន្តិសុខ (CSO) និងបានលាឈប់អស់រយៈពេលជិត ៤ឆ្នាំកន្លងទៅ។

លោក Guy Rosen បានចូលបម្រើការនៅ Faacebook ចាប់តាំងពីឆ្នាំ២០១៣ រហូតមកទល់ បច្ចុប្បន្ននេះមានរយៈពេលជាង ៩ឆ្នាំ ហើយថ្មីៗនេះលោកបានដឹកនាំកិច្ចខិតខំប្រឹងប្រែងសុវត្ថិភាព និងសុចរិតភាពផលិតផលរបស់ក្រុមហ៊ុន ខណៈលោកបានបង្ហោះនៅលើ Twitter ក្នុងពីតួនាទីថ្មីរបស់លោកថា «ខ្ញុំនឹងបន្តត្រួតពិនិត្យ និងមើលលើវិសាលភាពនៃសុវត្ថិភាព និងហានិភ័យសុវត្ថិភាពដល់អតិថិជនដែលប្រើប្រាស់សេវាកម្ម និងឧស្សាហកម្មរបស់ក្រុមហ៊ុន»

យ៉ាងណាមិញប្រភពពី Reuters ផ្ទាល់បានបង្ហាញឱ្យដឹងនៅពេលដែល នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Meta លោក Mark Zuckerberg បានលើកឡើងនៅក្នុងអនុស្សរណៈមួយ ដោយលោកគឺជាអ្នកដែលស្នើសុំ Rosen ផ្ទាល់តែម្តងឱ្យទទួលយកការងារនេះ ហើយលោកក៏បានបញ្ជាក់ដែលថាការផ្លាស់ប្តូរនេះគឺជា «ជំហានមួយទៀតដើម្បីលើកកម្ពស់ការងារសន្តិសុខនៅក្នុង DNA របស់យើង ហើយក៏ពង្រឹងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចរបស់យើងលើបញ្ហាសន្តិសុខ»

ខណៈលោក Mark Zuckerberg ក៏បានសរសេរបញ្ជាក់ដែរថា នៅក្នុងតួនាទីដែលត្រូវបានមើលការខុសត្រូវដោយ Rosen នោះ «នឹងមានទំនួលខុសត្រូវជារួមចំពោះសុវត្ថិភាព ក៏ដូចជាសុវត្ថិភាពជុំវិញការរំលោភបំពានលើ Platform ទាំងមូលរួមទាំងសុវត្ថិភាពនៃផលិតផល ហេដ្ឋារចនាសម្ព័ន្ធ និងព័ត៌មានក្រុមហ៊ុនទាំងស្រុង» ផងដែរ៕