(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះឥណ្ឌានាវេលាម៉ោង ១០យប់ (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ នេះ ក្នុងជំនួបបើកឆាកពូល D នៃវគ្គជម្រុះជុំចុងក្រោយពានរង្វាន់ AFC Asian Cup 2022 នៅកីឡដ្ឋាន Salt Lake នាទីក្រុងកុលកាតា។

ជុំវិញការប្រកួតនេះ លោក Ryu Hirose គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បានបង្ហាញការត្រៀមខ្លួនជាស្រេច ដើម្បីលោក Ryu Hirose អះអាងថា កម្ពុជារួចរាល់សម្រាប់ការប្រកួតជាមួយឥណ្ឌាជាមួយនឹងក្ដីរំពឹងមានវិធី ដើម្បីតតាំងជាមួយគូប្រជែងដែលមានចំណាត់ថ្នាក់ (Ranking) ខ្ពស់ជាងកម្ពុជានេះទៀតផង។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត គ្រូបង្វឹកជនជាតិជប៉ុនរូបនេះលើកឡើងថា «សម្រាប់ការប្រកួតជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌានេះ ខ្ញុំគិតថា ពួកគេមានកាយសម្បទាល្អជាងយើង ប៉ុន្ដែយើងជឿជាក់ថា យើងនឹងមានវិធី ដើម្បីប្រកួតប្រជែងជាមួយពួកគេបាន»

ដោយឡែកលោក Igor Stimac គ្រូបង្វឹកឥណ្ឌា បានសម្ដែងក្ដីរីករាយដែលបានជួបកម្ពុជាជាថ្មី ក្នុងពានរង្វាន់ Asian Cup លើទឹកដីរបស់ខ្លួន ហើយលោករំពឹងថា នឹងមានអ្នកគាំទ្រច្រើនចូលរួមទស្សនាការប្រកួតនេះ ស្របពេលលោកនឹងប្រើយុទ្ធសាស្ដ្រលេងដោយដាក់សម្ពាធខ្លាំងលើគូប្រកួតក្នុងការប្រកួតនេះ។

បុរសវ័យ ៥៥រូបនេះបន្ដថា «គោលបំណងរបស់យើងគឺដាក់សម្ពាធតាំងពីដំបូង លេងដាក់សម្ពាធខ្ពស់ខ្លាំងបំផុត។ យើងត្រូវការគ្រប់គ្រងការប្រកួត ហើយខ្ញុំត្រូវតែនិយាយថា យើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់រឿងនោះ។ យើងគ្មានអ្វីត្រូវលាក់បាំងឡើយ»

គិតត្រឹមរយៈពេល ១៥ឆ្នាំចុងក្រោយនេះ កម្ពុជា និងឥណ្ឌា ធ្លាប់ជួបគ្នា ២លើករួចមកហើយ ក្នុងជំនួបលក្ខណៈមិត្តភាព ក្នុងនោះឆ្នាំ២០០៧ កម្ពុជា ចាញ់ឥណ្ឌា ៦-០ និងឆ្នាំ២០១៧ កម្ពុជា បន្ដចាញ់ឥណ្ឌា ៣-២ នៅរាជធានីភ្នំពេញ។ ចំពោះចំណាត់ថ្នាក់ពិភពលោកវិញ បច្ចុប្បន្នឥណ្ឌា កំពុងឈរលើកម្ពុជាដាច់ ពោលគឺឥណ្ឌា ឈរនៅចំណាត់ថ្នាក់លេខ១០៦ ឯកម្ពុជាវិញឈរលេខរៀងទី១៧១។

សូមបញ្ជាក់ថា យុទ្ធនាការខាងលើនេះ កម្ពុជាស្ថិតក្នុងពូល D ជាមួយបេក្ខភាព ៣ប្រទេសផ្សេងទៀត ពោលគឺក្រោយជួបម្ចាស់ផ្ទះឥណ្ឌាយប់នេះ កម្ពុជានឹងបន្ដជួបហុងកុង នាថ្ងៃទី១១ ខែមិថុនា និងចុងក្រោយជួបក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាននាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅលើទឹកដីឥណ្ឌាតែមួយគត់៕