(ប្រ៊ុចសែល)៖ ក្រុមហ៊ុន Apple ត្រូវបានតម្រូវឲ្យផ្លាស់ប្តូរទៅបំពាក់រន្ធសាកថ្មប្រភេទ USB-C សម្រាប់ iPhone ជំនាន់ថ្មី របស់ខ្លួនដែលលក់នៅអឺរ៉ុបឲ្យបានមុនឆ្នាំ២០២៤។ ការដាក់កំហិតបែបនេះ គឺបន្ទាប់សមាជិកសភាអឺរ៉ុប ឯកភាពយល់ព្រមលើច្បាប់ថ្មីមួយនៅដើមសប្តាហ៍នេះ ដែលតម្រូវឲ្យក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកទាំងអស់ ដែលលក់ឧបករណ៍នៅអឺរ៉ុប ចាំបាច់ត្រូវប្រើរន្ធសាកថ្មប្រភេទតែ១ (USB-C) មានដូចជាស្មាតហ្វូន ថេប្លេត រួមទាំងកាមេរ៉ាឌីជីថលផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២នេះ។

ជាមួយគ្នានេះគណៈកម្មការអឺរ៉ុបបានចាត់ទុកថា ការប្រើច្បាប់បែបនេះ នឹងធ្វើឱ្យជីវិតអ្នកប្រើប្រាស់កាន់តែងាយស្រួល និងសន្សំសំចៃប្រាក់ជាងមុន។ អន្តរាគមន៍ផ្នែកនយោបាយបែបនេះ បានកើតមានឡើងបន្ទាប់ពីក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកនានាមិនអាចសម្រេចបាននូវការរកដំណោះស្រាយរួមមួយបាន។

ជាមួយគ្នានេះ ទីក្រុងប្រ៊ុចសែលបាននិងកំពុងជំរុញឱ្យមានការប្រើប្រាស់នូវ រន្ធសាកថ្មទូរស័ព្ទប្រភេទតែមួយអស់រយៈ ពេលជាងមួយទសវត្សរ៍មកហើយ ដើម្បីឆ្លើយតបទៅនឹងការត្អូញត្អែរពីអ្នកប្រើប្រាស់ iPhone ផង និង Android ផង ដែលត្រូវតែផ្លាស់ប្តូរឆ្នាំងសាកថ្មផ្សេងៗគ្នា សម្រាប់ស្មតហ្វូនរបស់ពួកគេ។

គួររំលឹកផងដែរថា Apple បានប្រើប្រាស់ Lightning port អស់រយៈពេល ១០ឆ្នាំមកហើយ តាំងពី iPhone 5 មកដល់ iPhone 13 ដោយឡែក Apple ក៏បានបំពាក់រន្ធ USB-C ផងដែរនៅលើ iPad Pro ជំនាន់ឆ្នាំ២០១៨របស់ខ្លួន ខណៈដែលស្មាតហ្វូន Android ជាច្រើន គឺកំពុងប្រើប្រាស់រន្ធ USB-C រួចស្រាប់អស់ទៅហើយ។

សភាអឺរ៉ុបបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនមួយថា «នៅមុនដំណាច់ឆ្នាំ២០២៤ USB Type-C នឹងក្លាយរន្ធសាកថ្ម/ផ្ទេរទិន្នន័យ ប្រភេទតែមួយគត់សម្រាប់ស្មាតហ្វូន ថេប្លេត និងកាមេរ៉ាឌីជីថលទាំងអស់នៅក្នុងសហភាពអឺរ៉ុប»