(មេនឆេស្ទើ)៖ ការស្តារឡើងវិញរបស់ក្លិបបាល់ទាត់ផ្នែកនារី Manchester City Women នៅមុនរដូវកាលថ្មី បានបន្តធ្វើឡើង នៅថ្ងៃពុធ បន្ទាប់ពីពួកគេបានចុះហត្ថលេខានាំយកខ្សែការពារសញ្ជាតអេស្ប៉ាញ Leila Ouahabi មកពីក្លិប Barcelona លើកិច្ចសន្យារយៈពេល២ឆ្នាំ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ។

City បានលើកឡើងថា កីឡាការិនីខ្សែការពារស្លាប វ័យ២៩ឆ្នាំរូបនេះ នឹងចូលរួមជាផ្លូវការជាមួយក្លិប នៅថ្ងៃទី១ ខែកក្កដាខាងមុខ បន្ទាប់ពីបញ្ចប់កិច្ចសន្យាបច្ចុប្បន្នរបស់នាង ជាមួយ Barcelona ដែលជាម្ចាស់ពានរង្វាន់ជើងឯក Primera Division នេះ។

ដោយបានបញ្ចប់ទទួលការបណ្តុះបណ្តាលពីសាលា La Masia របស់ក្លិប Barcelona, កីឡាការិនី Ouahabi បានឈ្នះពានរង្វាន់ ដែលដណ្តើមបានទាំងអស់ ក្នុងអំឡុងពេលលេង១១ឆ្នាំ ជាមួយក្លិប Barcelona នេះ។ នាងក៏បានចំណាយពេល៣ឆ្នាំផងដែរ លេងនៅឯក្លិប Valencia។

Ouahabi គឺជាកីឡាការិនីទី២ហើយ របស់ក្លិប City ដែលបានចុះកិច្ចសន្យាក្នុងមួយសប្តាហ៍នេះ បន្ទាប់ពីការទៅដល់នៃកីឡាការិនី Deyna Castellanos មកពីក្លិប Atletico Madrid។

កីឡាការិនីលំដាប់អន្តរជាតិសញ្ជាតអង់គ្លេស Lucy Bronze, Georgia Stanway និងកីឡាការិនី Jill Scott រួមជាមួយនឹងកីឡាការិនីសញ្ជាតស្កុតឡេន Caroline Weir បានចាកចេញពីក្លិប Man City Women, ស្របពេលដែលអ្នកចាំទីសញ្ជាតអង់គ្លេស Karen Bardsley បានប្រកាសពីការចូលនិវត្តន៍របស់នាងកាលពីខែមុន។

សូមជម្រាបថា City បានបញ្ចប់នៅចំណាត់ថ្នាក់ទី៣ ក្នុងលីគ Women's Super League រដូវកាល២០២១-២២ ឈរនៅពីក្រោយក្រុមម្ចាស់ពានរង្វាន់ជើងឯក Chelsea និងក្រុមជើងឯករង Arsenal៕