(តៃប៉ិ)៖ ប្រធានក្រុមហ៊ុន Taiwan Semiconductor Manufacturing Co Ltd (TSMC) លោក Mark Liu បានឱ្យដឹងថា នៅពេលនេះក្រុមហ៊ុនមិនទាន់មានផែនការណាមួយឡើយ សម្រាប់សាងសង់រោងចក្រនៅក្នុងទ្វីបអឺរ៉ុប ខណៈដែលសហភាពអឺរ៉ុបកំពុងតែព្យាយាមជម្រុញ និងលើកទឹកចិត្តយ៉ាងខ្លាំងដល់ក្រុមហ៊ុនដ៏ធំនេះឱ្យទៅផលិតបន្ទះឈីបនៅទីនោះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។

ជាមួយនឹងឧស្សាហកម្មជាច្រើនដែលទទួលរងពីកង្វះខាតជាសកលនៃបន្ទះឈីប ដោយក្នុងនោះតៃវ៉ាន់ និងសហភាពអឺរ៉ុបក៏បានធ្វើកិច្ចចរចារពាណិជ្ជកម្មកម្រិតខ្ពស់មួយកាលពីសប្តាហ៍មុន ជាមួយនឹងកិច្ចសហប្រតិបត្តិការ ផលិតបន្ទះឈីប។ ដោយកាលពីខែកុម្ភៈកន្លងទៅ សហភាពអឺរ៉ុបបានបង្ហាញច្បាប់ថ្មីមួយស្តីពីបន្ទះឈីបអឺរ៉ុប ជាមួយនឹងអ្នកចូលរួមជាច្រើនដែលលើកឡើងថា តៃវ៉ាន់ជាដៃគូមួយក្នុងចំណោម «ដៃគូដែលមានគំនិតដូចគ្នា» ហើយអឺរ៉ុបចង់ធ្វើការជាមួយគ្នាថែមទៀតផង។

យ៉ាងណាមិញ TSMC ហាក់ដូចមិនទាន់សម្រេចចិត្តច្បាស់លាស់នោះទេសម្រាប់រោងចក្រថ្មីនោះ ខណៈលោក Liu បានលើកឡើងនៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំថា «យើងកំពុងតែស្ថិតក្នុងការសម្រេចចិត្តនៅក្នុងសហភាពអឺរ៉ុប ក៏ដោយសារតែនៅទីនោះយើងមានអតិថិជនតិចតួចប៉ុណ្ណោះ តែយ៉ាងណាយើងនៅតែកំពុងវាយតម្លៃ ហើយមិនទាន់មានផែនការច្បាស់លាស់ណាមួយអាចបញ្ជាក់បាននោះឡើយ»

គួរជម្រាបដែរថា កំឡុងពេលកំពុងវាយតម្លៃនៅទីផ្សារសហភាពអឺរ៉ុបនោះ TSMC ក៏កំពុងចំណាយខ្ទង់ ១២ពាន់លានដុល្លារលើរោងចក្រផលិតបន្ទះឈីបនៅសហរដ្ឋអាមេរិក ហើយក៏កំពុងសាងសង់រោងចក្ររួមគ្នាមួយជាមួយនឹងក្រុមហ៊ុន Sony Group ក្នុងប្រទេសជប៉ុន ដើម្បីជួយកាត់បន្ថយការខ្វះខាតបន្ទះឈីបទូទាំងពិភពលោកផងដែរ៕