(ឡុងដ៍)៖ ក្លិប Tottenham Hotspur បានចុះកិច្ចសន្យាយកអ្នកចាំទី Fraser Forster មកពីក្លិប Southampton លើកិច្ចសន្យាមួយ រហូតដល់ឆ្នាំ២០២៤, នេះបើតាមការប្រកាសពីក្លិប ដែលលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ។

កីឡាករវ័យ៣៤ឆ្នាំនេះ បានផុតកិច្ចសន្យាជាមួយក្លិប Southampton, ជាទីកន្លែងដែលលោកបានបង្ហាញខ្លួន១៣៤ប្រកួត និងការពារមិនឲ្យបាល់ចូលទី៤២ប្រកួត ចាប់តាំងពីផ្លាស់ពីក្លិប Celtic របស់ស្កុតឡេន កាលពីឆ្នាំ២០១៤។

"កីឡាករដែលពោរពេញដោយបទពិសោធន៍ បានចុះកិច្ចសន្យាជាមួយពួកយើង រហូតដល់ឆ្នាំ២០២៤ ហើយនឹងចូលរួមជាមួយក្លិប នៅថ្ងៃទី១ ខែកក្កដា បន្ទាប់ពីកិច្ចសន្យារបស់លោក បានផុតកំណត់ នៅឯក្លិប Southampton," នេះបើតាមក្លិប Spurs បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

Forster, ដែលបានជាប់លេងឲ្យក្រុមជម្រើសជាតិអង់គ្លេស ចំនួន៦លើកនោះ, នឹងជាក្លាយជាអ្នកចាំទីជម្រើសទី២ សម្រាប់ក្លិប ឈរនៅពីក្រោយអ្នកចាំទី និងជាកីឡាករប្រធានក្រុម Hugo Lloris, ខណៈ អ្នកចាំទី Pierluigi Gollini គ្រោងនឹងវិលត្រឡប់ទៅកាន់ក្លិប Atalanta វិញ។

សូមជម្រាបថា Spurs បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤ ក្នុងលីគ Premier League ក្រោមការដឹកនាំរបស់លោក Antonio Conte កាលពីរដូវកាលមុន៕