(ម៉ាទ្រីដ)៖ ខ្សែបម្រើសញ្ជាតក្រអាត Luka Modric បានចុះហត្ថលេខា លើកិច្ចសន្យាបន្តរយៈពេលមួយឆ្នាំ ជាមួយក្លិប Real Madrid ហើយបន្តលេងនៅក្លិបម្ចាស់ពានរង្វាន់ជើងឯក European យ៉ាងហោចណាស់ដល់ខែមិថុនា ឆ្នាំ២០២៣, នេះបើតាមការប្រកាសពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ។

វាគឺជាឆ្នាំទី២បន្តបន្ទាប់គ្នាហើយ ដែលកីឡាករ Modric បានចុះកិច្ចសន្យាបន្តរយៈពេលមួយឆ្នាំ ជាមួយនឹងក្លិប Real ខណៈកិច្ចសន្យាបច្ចុប្បន្នរបស់លោក គ្រោងនឹងផុតកំណត់ នៅដាច់ខែមិថុនានេះ។

កីឡាករវ័យ៣៦ឆ្នាំរូបនេះ បានលេង៤៣៦ប្រកួត នៅក្នុងការប្រកួតទាំងអស់ សម្រាប់ក្លិប Real, ដោយស៊ុតបញ្ចូលទីបាន៣១គ្រាប់ និងជួយឲ្យរកគ្រាប់បាល់បាន៧៣គ្រាប់។ លោកគឺជាកីឡាករទី២០ហើយ ដែលបានបង្ហាញខ្លួន ក្នុងការប្រកួតច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប, ២ចំណាត់ថ្នាក់ នៅពីក្រោយកីឡាករ Cristiano Ronaldo។

ជាមួយនឹងពានរង្វាន់ Champions League ចំនួន៥, កីឡាករ Modric ក៏បានឈ្នះពានរង្វាន់ LaLiga ចំនួន៣, Copa del Rey ចំនួន១, Spanish Super Cups ចំនួន៤, European Super Cups ចំនួន៣ និងពានរង្វាន់ Club World Cups ចំនួន៤ នៅឯក្លិប Real Madrid នេះផងដែរ៕