(អាមេរិក)៖ រឿង «Top Gun: Maverick» ដែលសម្តែងដោយកំពូលតារាហូលីវូដល្បីឈ្មោះ Tom Cruise ត្រូវបានគេដឹងថា កំពុងតែកើបប្រាក់ចំណូលរាប់រយលានដុល្លារ ពីការចាក់បញ្ចាំងនៅទូទាំងពិភពលោក ប៉ុន្តែស្ទូឌីយោដែលនៅពីក្រោយខ្សែភាពយន្តនេះ ក៏កំពុងតែជួបរឿងមួយចំនួនត្រូវដោះស្រាយផងដែរ ពោលគឺមានបណ្តឹងមួយ បានប្តឹង Paramount Pictures ពីបទរំលោភកម្មសិទ្ធបញ្ញា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២។

បើតាមពាក្យបណ្តឹង ដែលដាក់ទៅតុលាការសហព័ន្ធក្នុងទីក្រុង Los Angeles នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះបានឲ្យដឹងថា ផលិតកម្ម Paramount បានបរាជ័យក្នុងការស្នើសុំសិទ្ធឡើងវិញ លើអត្ថបទរឿង «Top Guns» ដែលចេញនៅ ឆ្នាំ១៩៨៣ របស់អ្នកនិពន្ធ Ehud Yonay ពីអ្នកស្នងមរតក។ ពាក្យបណ្តឹងរបស់ Shosh Yonay និង Yuval Yonay ដែលរស់នៅក្នុងប្រទេសអ៊ីស្រាអែល ដែលគេស្គាល់ថា ជាអ្នកស្នងមរតកពីអ្នកនិពន្ធ Ehud Yonay បានទាមទារសំណងដោយមិនកំណត់ចំនួនជាក់លាក់ ដែលក្នុងនោះរួមមានប្រាក់ចំណេញពីរឿង «Top Gun: Maverick» និងទាមទារមិនឲ្យផលិតរឿងវគ្គថ្មីទៀត។

ជុំវិញបណ្តឹងខាងលើនេះ ផលិតកម្ម Paramount បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍ថា ការទាមទារខាងលើ គឺគ្មានមូលដ្ឋានច្បាស់លាស់ ហើយផលិតកម្មបានទទួលសិទ្ធផ្តាច់មុខចំពោះអត្ថបទ «Top Guns» ដែលចេញផ្សាយកាលពីឆ្នាំ១៩៨៣ មុនការផលិតជាភាពយន្ត និងចាក់ផ្សាយនៅក្នុងឆ្នាំ១៩៨៦។

គួរជម្រាបថា រឿង «Top Gun: Maverick» គឺបានវាយលុកទីផ្សារយ៉ាងខ្លាំង ដោយរកចំណូលបានច្រើនបំផុតក្នុងឆ្នាំនេះ ពោលគឺរកចំណូលបានខ្ទង់ ២៩១លានដុល្លារនៅអាមេរិកខាងជើង និង ៥៤៨.៦លានដុល្លារ ទូទាំងពិភពលោកក្នុងរយៈពេល ១០ថ្ងៃដំបូងនៃការចេញផ្សាយ ខណៈរឿងនេះបានចំណាយលើការផលិតអស់ ១៧០លានដុល្លារ៕