(កាលីហ្វ័រញ៉ា)៖ ក្រុមហ៊ុន PayPal Holdings Inc បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ឥឡូវនេះក្រុមហ៊ុនឯកទេសខាងទូទាត់និងផ្ទេរប្រាក់តាមរយៈអ៉ីនធឺណិតមួយនេះ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់របស់ខ្លួន អាចផ្ទេររូបិយប័ណ្ណគ្រីបតូទៅកាន់ Wallet ខាងក្រៅបាន ដែលក្នុងនេះរួមមានទាំង bitcoin ផងដែរ។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីរយៈពេលជិត២ឆ្នាំដែលក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុយក្សមួយនេះ បានបើក platform របស់ខ្លួនជារូបិយប័ណ្ណឌីជីថល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ។

PayPal ដែលមានទីស្នាក់ការនៅទីក្រុង San Jose រដ្ឋកាលីហ្វ័រញ៉ាបាននិយាយថា មុខងារផ្ទេររូបបិយប័ណ្ណគ្រីបតូនេះ នឹងចាប់ផ្តើមដំណើរការ ចាប់ពីថ្ងៃអង្គារសប្តាហ៍នេះតទៅ តែសម្រាប់ចំពោះអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ដែលក្រុមហ៊ុនបានជ្រើសរើសប៉ុណ្ណោះ ហើយនឹងត្រូវបានដាក់ឱ្យប្រើប្រាស់ជាទូទៅសម្រាប់អតិថិជននៅអាមេរិក ដែលមានសិទ្ធិគ្រប់គ្រាន់ នៅក្នុងប៉ុន្មានខែបន្ទាប់ពីការដាក់សាកល្បងនេះ។

គួររំលឹកផងដែរថា PayPal បានចាប់ផ្តើមអនុញ្ញាតឱ្យអតិថិជនរបស់ខ្លួនទិញ-លក់ និងរក្សាទុកនូវ bitcoin, ethereum, bitcoin cash និង litecoin ចាប់តាំងពីអំឡុងខែតុលា ឆ្នាំ២០២០មកម្ល៉េះ ប៉ុន្តែអ្នកប្រើប្រាស់មិនត្រូវបានអនុញ្ញាតឱ្យមានការផ្ទេររូបបិយប័ណ្ណគ្រីបតូទាំងនេះចេញពី platform របស់ខ្លួននោះឡើយ។

PayPal បានឱ្យដឹងថា អ្នកប្រើប្រាស់បានស្នើសុំមុខងារផ្ទេរថ្មីមួយនេះ ចាប់តាំងពីក្រុមហ៊ុនបានអនុញ្ញាតឱ្យមានការទិញ-លក់រូបបិយប័ណ្ណឌីជីថលគ្រីបតូភ្លាមៗមកម្ល៉េះ ដែលជាមួយគ្នានេះភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើងរហូតដល់ ០.៣ភាគរយ ក្នុងតម្លៃ ៨៧.០៨ដុល្លារ។

ចាប់តាំងពីឆ្នាំ២០២១មក ទីផ្សារគ្រីបតូ មានការចាប់អារម្មណ៍កើនឡើងពីសំណាក់វិនិយោគិនជាច្រើន ជាមួយការបណ្តាក់ទុនធំៗ ខណៈក្រុមតារាល្បីឈ្មោះ និងក្រុមហ៊ុន Blue-chip បែរជាធ្លាក់ចុះទ្វេដងទៅវិញលើការវិនិយោគគ្រីបតូនេះ។ ទោះជាយ៉ាងណាក៏ដោយ តម្លៃនៃរូបិយប័ណ្ណបែបនេះនៅតែមានការប្រែប្រួលមិនឈប់ឈរ ដែលងាយនឹងបង្ករហានិភ័យច្រើន៕