(ភ្នំពេញ)៖ គូប្រកួតដែលនឹងត្រូវដណ្តើមជើងឯកនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ ថ្នាក់ខេត្ត ឆ្នាំ២០២២ គឺជាការជួបគ្នារវាងក្រុមខេត្តឧត្តរមានជ័យ ប៉ះភ្នំពេញហ្គាឡាក់ស៊ី នាថ្ងៃសៅរ៍ ទី១១ ខែមិថុនា វេលាម៉ោង ១៥៖៣០នាទីរសៀលនៅកីឡដ្ឋាន ខេមបូឌា អ៊ែរវ៉េ។

គួររំលឹកផងដែរថា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងជើងទី១ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ ហ្គាឡាក់ស៊ី បានយកឈ្នះឬទ្ធីសែន ដែលមានមូលដ្ឋាននៅខេត្តកំពង់ឆ្នាំង ក្នុងលទ្ធផល ២-០។ ម្យ៉ាងវិញទៀត ចូលដល់ជើងទី២ ថ្ងៃទី០១ ខែមិថុនា ក្រុមឬទ្ធិសែនបានយកឈ្នះ ភ្នំពេញហ្គាឡាក់ស៊ីវិញក្នុងដីខ្លួនដោយលទ្ធផល ១-០ ប៉ុន្តែដោយគិតលើផលសងគ្រាប់បាល់របស់ភ្នំពេញហ្គាឡាក់ស៊ីកាលពីជើងទី១ ធ្វើឱ្យភ្នំពេញហ្គាឡាក់ស៊ីបានឡើងទៅវគ្គផ្តាច់ព្រ័ត្រផងដែរ។

ចំណែកឯក្រុមឧត្តរមានជ័យវិញ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងជើងទី១ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះបានលេងស្មើជាមួយកំពតក្នុងលទ្ធផល ១-១ ដោយជើងទី២ ឧត្តរមានជ័យ យកឈ្នះភ្ញៀវកំពត នៅក្នុងលទ្ធផល ៤-២ និងបានបន្តទៅវគ្គផ្តាច់ព្រ័ត្រតែម្តង។

សូមបញ្ជាក់បន្ថែមទៀតថា ឧត្តរមានជ័យ និងភ្នំពេញហ្គាឡាក់ស៊ី ដណ្តើមគ្នារកជើងឯក នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ ថ្នាក់ខេត្ត គ្រាដែលកំពតអេហ្វស៊ី ប្រកួតជាមួយក្លឹបបាល់ទាត់ឬទ្ធីសែន យកចំណាត់ថ្នាក់លេខ៣ នៅវេលាម៉ោង ០៨៖០០នាទីព្រឹក នៅកីឡដ្ឋានអគ្គិសនីកម្ពុជា៕