(ភ្នំពេញ)៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលមិនតិចទេ នៅក្នុងមជ្ឈដ្ឋានមហាជន ក៏ដូចជាអ្នកសិល្បៈទូទៅ ខណៈដែលនៅសុខៗស្រាប់តែតារាសម្ដែងសិចស៊ី កញ្ញា ព្រីម លីហ្សា បានប្រកាសទម្លាយថា នាងមានកូនប្រុសម្នាក់ជាកម្លាំងចិត្ត ដែលបានជម្រុញឲ្យរូបនាងបានតស៊ូ ក្រាញននាលនៅលើវិថីសិល្បៈមកដល់សព្វថ្ងៃ។ មហាជន និងអ្នកសិល្បៈ មិនបានដឹងទេថា តើ ព្រីម លីហ្សា បានរៀបការជាមួយប្ដីតាំងពីពេលណានោះទេ ស្រាប់តែនៅពេលនេះ បែរជាបង្ហាញមុខកូនប្រុសដែលមានវ័យ ៦ ឆ្នាំ ខណៈដែលមុខមាត់របស់ស្វាមី ស្ថិតនៅក្នុងទីអាថ៌កំបាំងនៅឡើយ។

នៅក្នុងបណ្ដាញសង្គម Instagram ក៏ដូចជាបណ្ដាញសង្គម Facebook របស់តារាសម្ដែងចូលចិត្តតែខ្លួនសិចស៊ី ព្រីម លីហ្សា បានបង្ហាញ និងទម្លាយនូវមុខមាត់ក្មេងប្រុសម្នាក់ ជាមួយនឹងពាក្យពេចន៍គួរឲ្យចាប់អារម្មណ៍ថា «នេះហើយ គឺជាអ្នកដែលធ្វើឲ្យខ្ញុំមានកម្លាំងចិត្ត ក្នុងការតស៊ូនៅក្នុងជីវិត ដើម្បីដើរមកដល់សព្វថ្ងៃនេះ My Baby, I love u single mom តែងតែយកពេលវេលាមើលថែទាំគាត់ ហើយនិងផ្ដល់ភាពកក់ក្ដៅឲ្យគាត់ជានិច្ច..!»

បន្ទាប់ពីបង្ហាញបែបនេះជាសាធារណៈរួចមក មហាជនបានឃើញតារា Fashion ព្រីម លីហ្សា នាំក្មេងប្រុសម្នាក់នោះដើរលេង និងញ៉ាំអាហារជួបគ្នា ប្រកបដោយភាពស្និទ្ធស្នាលដូចទៅនឹងម្ដាយនិងកូន ខណៈមុខមាត់ក៏ស្រដៀងទៅនឹង ព្រីម លីហ្សា បេះបិទ។ ប៉ុន្តែអ្វីដែលមហាជន នៅតែមានចម្ងល់នោះ គឺនៅត្រង់ថា ហេតុអ្វីបានជាតារាសម្ដែង ព្រីម លីហ្សា មិនបង្ហាញមុខស្វាមី?

យ៉ាងណាមិញ នៅក្នុងវីដេអូ Live ក្នុងសកម្មភាពញ៉ាំអាហារជាមួយកូនប្រុស ដែលមានរយៈពេលប្រមាណជាង ២០នាទី តារាសម្ដែង ព្រីម លីហ្សា បានហៅក្មេងប្រុសនោះថា «កូនឌីៗ» ខណៈមានគេសរសើរថា កូនប្រុសនោះស្អាត តែនិយាយជាភាសាខ្មែរមិនសូវច្បាស់ ព្រោះនាងអះអាងថា «ជាកូនកាត់»។ ជាពិសេសនាងបានបញ្ជាក់ថា នាងមានកូនតែម្នាក់នេះប៉ុណ្ណោះ ជាកម្លាំងចិត្ត ហើយដល់វ័យដែលរូបគេញ៉ាំច្រើន ត្រូវតែនាំមកញ៉ាំអ្វីដែលរូបគេចូលចិត្ត។

ទោះបីជាយ៉ាងណា តារាសម្ដែង ព្រីម លីហ្សា បានបញ្ជាក់ប្រាប់មហាជន តាមរយៈវីដេអូ Live នោះថា នាងពុំមានគម្រោងយកកូនមួយទៀតនោះទេ ពោលគឺយកតែមួយនេះតែប៉ុណ្ណោះ ខណៈដែលនៅពេលអ្នកគាំទ្រចោទសួររឿងប្ដី គឺនាងមិនបានបញ្ជាក់ប្រាប់អ្នកគាំទ្រឲ្យបានដឹងនោះទេ៕