(បរទេស)៖ លោក យូរី ហ្គាហ្គារីន (Yuri Gagarin) គឺជាមនុស្សដំបូងគេបង្អស់ដែលបានធ្វើដំណើរឡើងទីអវកាស។ ការហោះហើរនៅក្នុងទីអវកាសរបស់លោក ដែលធ្វើឡើងកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៦១ បានប្រព្រឹត្តទៅរយៈពេល១០៨នាទី ដោយលោកជិះយានអវកាស វូស្តុក (Vostok) របស់សហភាពសូវៀត (រុស្ស៉ី) ក្រឡឹងផែនដីបានមួយជុំ។

បេសកកម្មជាប្រវត្តិសាស្រ្តរបស់លោក Gagarin បានកើតឡើងនៅក្នុងសម័យដែលសហរដ្ឋអាមេរិក និងសហភាពសូវៀត ខំប្រឹងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងវិស័យអវកាស។ ពេលនោះខាងសហភាពសូវៀត ក៏បានបញ្ជូនផ្កាយរណបដំបូងបំផុតឈ្មោះថា ស្ពុតនីក (Sputnik) ឡើងទៅកាន់ទីអវកាសរួចស្រេចទៅហើយ កាលពីខែតុលា ឆ្នាំ១៩៥៧ ផងដែរ។

មុនការហោះហើររបស់លោក Gagarin សូវៀតបានធ្វើតេស្តហោះហើរមួយទៅទីអវកាស ដោយប្រើយានសាកល្បង Vostok រួមជាមួយមនុស្សសិប្បនិម្មិតឈ្មោះ អាយវ៉ាន់ អាយវ៉ាណូវិច (Ivan Ivanovich) និងសត្វសុនខមួយក្បាលឈ្មោះ ស្វេសដូឆ្កា (Zvezdochka)។ ក្រោយការធ្វើតេស្តនោះ សហភាពសូវៀតក៏បានសម្រេចថា យាន Vostok អាចប្រើប្រាស់ ដើម្បីនាំមនុស្សឡើងទីអវកាសបាន។

លោក Yuri Gagarin កើតនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ១៩៣៤ ក្នុងភូមិតូចមួយដែលនៅចម្ងាយជាង១០០គីឡូម៉ែត្រ ពីទីក្រុងម៉ូស្គូ។ នៅវ័យជំទង់ Gagarin បានឃើញយន្តហោះចម្បាំងសូវៀត Yak ធ្វើការចុះចតបន្ទាន់នៅក្បែរផ្ទះខ្លួន ហើយពេលធំដឹងក្តីឡើង លោកបានយល់ព្រមទទួលយកឱកាសក្លាយជា អ្នកបើកយន្តហោះយ៉ាងអន្ទះសា។ នៅឆ្នាំ១៩៥៥ Gagarin ក៏បានបើកយន្តហោះម្នាក់ឯងជាលើកដំបូង។ ប៉ុន្មានឆ្នាំមកទៀត លោក Gagarin បានដាក់ពាក្យស្នើសុំឲ្យជ្រើសរើសជាអវកាសយានិក។

អ្នកបើកយន្តហោះចម្បាំងរុស្ស៉ីជាង២០០នាក់ ត្រូវបានជ្រើសរើសជាបេក្ខភាពអវកាសយានិក ហើយលោក Gagarin ដែលមានវ័យ២៧ឆ្នាំ ក៏ស្ថិតក្នុងចំណោមនោះផងដែរ។ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៦១ យាន Vostok 1 ត្រូវបានបាញ់បង្ហោះចេញពីផ្ទៃផែនដី ជាមួយលោក Gagarin។ ១០៨នាទីក្រោយទៅដល់ក្នុងទីអវកាស យាន Vostok 1 ធ្វើដំណើរជុំវិញផែនដីបានមួយជុំ នៅកម្ពស់ជាង៣០០គីឡូម៉ែត្រ។

ពេលចុះមកផ្ទៃផែនដីវិញ ដោយសារតែ Vostok 1 មិនមានម៉ាស៉ីនដើម្បីបន្ថយល្បឿន និងគ្មានមធ្យោបាយ ដើម្បីចុះចតដោយសុវត្ថិភាព លោក Gagarin ត្រូវរុញច្រានចេញពីយាននោះនៅកម្ពស់៧គីឡូម៉ែត្រ ហើយប្រើឆ័ត្រយោង ដើម្បីទម្លាក់ខ្លួនមកវិញដោយសុវត្ថិភាព។ អវកាសយានិកសូវៀតរូបនេះ បានជាប់ឈ្មោះជាមនុស្សដំបូងបំផុត ដែលបានឡើងទៅកាន់ទីអវកាស។

ក្រោយបេសកកម្មថ្ងៃនោះ លោក Yuri Gagarin បានក្លាយជាវីរៈបុរសរបស់សហភាពសូវៀត និងមានឈ្មោះល្បីរន្ទឺជាអន្តរជាតិ សហភាពសូវៀតមានការស្ទាក់ស្ទើរជុំវិញការអនុញ្ញាតឲ្យ លោកធ្វើដំណើរឡើងទីអវកាសសាជាថ្មី ព្រោះខ្លាចបាត់បង់បុគ្គលដ៏សំខាន់របស់ខ្លួន ប៉ុន្តែលោក Gagarin នោតែបន្តបើកតេស្តយន្តហោះឲ្យខាងកងទ័ពអាកាសសូវៀត។

ទីបំផុតនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ១៩៦៨ លោក Gagarin ក៏បានបាត់បង់ជីវិត ពេលធ្វើតេស្តយន្តហោះចម្បាំង MiG-15 មួយគ្រឿង ដោយបន្សល់ទុកភរិយាឈ្មោះ វាលែនទីណា និងកូនស្រីពីរនាក់។ កំឡុងបេសកកម្ម Apollo 11 របស់ទីភ្នាក់ងារអវកាសអាមេរិក NASA កាលពីខែកក្កដា ឆ្នាំ១៩៦៩ ឈ្មោះរបស់លោក Gagarin ក៏ត្រូវបានក្រុមអវកាសយានិកអាមេរិក បន្សល់ទុកនៅលើផ្ទៃព្រះច័ន្ទផងដែរ ដើម្បីជាការគោរពដល់រូបលោក។

យូរៗទៅសហរដ្ឋអាមេរិកនិងសហភាពសូវៀត បានចាប់ផ្តើមធ្វើការជាមួយគ្នាជុំវិញកិច្ចប្រឹងប្រែងធ្វើដំណើរក្នុងទីអវកាសរបស់ពួកគេ។ បេសកកម្មរួមដំបូងបំផុតរវាងប្រទេសទាំងពីរគឺបានកើតឡើងនៅឆ្នាំ១៩៧៥ ហៅថា Apollo-Soyuz។ បន្ទាប់មកក្រោយការដួលរលំនៃសហភាពសូវៀត NASA បានបញ្ជូនអវកាសយានិកមួយចំនួននៃកម្មវិធីយាន Space Shuttle របស់ខ្លួន ឲ្យឡើងទៅស្ថានីយអវកាសរុស្ស៉ី Mir។ កិច្ចសហប្រតិបត្តិការនោះក៏បានបើកផ្លូវឲ្យ NASA និងទីភ្នាក់ងារអវកាសរុស្ស៉ី Roscosmos ក្លាយជាដៃគូដ៏សំខាន់ នៅក្នុងកម្មវិធីស្ថានីយអវកាសអន្តរជាតិ ISS ដែលបានបន្តរហូតមកទល់សព្វថ្ងៃ៕