(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានជំរុញឲ្យគណៈកម្មការជំនាញទាំង១៤ ត្រូវបញ្ចប់គម្រោងផែនការគ្រប់ទម្រង់ទាំងអស់នៅត្រឹមចុងឆ្នាំ២០២២ នេះ ដើម្បីធានាបាននូវភាពរួចរាល់ សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នាឆ្នាំ២០២៣។

ការជំរុញខាងលើធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ CAMSOC នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅថ្ងៃទី០៩ ខែមិថុនានេះ ក្រោមការដឹកនាំរបស់លោករដ្ឋមន្ដ្រី ថោង ខុន និងមានការចូលរួមពីគណៈកម្មការជំនាញទាំង ១៤ របស់ខ្លួន បូករួមទាំងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងាររៀងៗខ្លួន ក៏ដូចជាដោះស្រាយបញ្ហាប្រឈមនានាផងដែរ ។

ក្រោយបញ្ចប់កិច្ចប្រជុំលោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា «នាចុងឆ្នាំ២០២២នេះ គម្រោងផែនការគ្រប់ទម្រង់ទាំងអស់ ត្រូវឲ្យរួចរាល់ទាំងស្រុង មានន័យថា រាល់ការងាររៀបចំ ការផ្គត់ផ្គង់ និងការងារពាក់ព័ន្ធនឹងសេវាផ្សេងៗទៀត ក៏ត្រូវឲ្យរួចរាល់ដូចគ្នា ។ ដូច្នេះចាប់ពីឆ្នាំ២០២៣តទៅ គឺយើងត្រៀមលក្ខណៈរៀបចំស៊ីហ្គេមតែម្តង។ ជារួម បញ្ហាប្រឈមធំជាងគេ គឺការរង់ចាំនូវលទ្ធភាពនៃការផ្គត់ផ្គង់គម្រោងថវិកា ប្រចាំឆ្នាំ២០២២ សម្រាប់ប្រគល់ជូនដល់គណៈកម្មការជំនាញនីមួយៗ»។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC ដដែលបន្ថែមថា ការចំណាយ គឺផ្តោតសំខាន់ទៅលើគោលការណ៍ចំនួន ២សំខាន់ៗ គឺការសន្សំសំចៃ និងការផ្គត់ផ្គង់របស់ក្រុមហ៊ុន ដែលមានលទ្ធភាពហើយត្រូវចាប់ផ្តើមដំណើរការ ក្នុងការរៀបចំជាមុន ហើយនឹងទូទាត់តាមក្រោយ ដែលនេះជាវិធានការមួយដ៏ល្អ ដើម្បីពន្លឿនផែនការឲ្យទាន់ពេលវេលា ពោលគឺមិនទុកចោល ឬមិនត្រូវធ្វើឲ្យក្លាយជាឧបសគ្គនោះទេ។

«ជារួម លទ្ធផលនៃកិច្ចប្រជុំនៅថ្ងៃនេះ ឯកឧត្តមបណ្ឌិត ថោង ខុន រួមទាំងអង្គប្រជុំទាំងមូលទទួលបាននូវភាពកក់ក្តៅ ដោយសារតែគណៈកម្មការជំនាញនីមួយៗបានបង្ហាញនូវផែនការច្បាស់លាស់ ហើយដំណើរការវឌ្ឍនភាពនៃគណៈកម្មការជំនាញទាំងនោះមានលក្ខណៈវិជ្ជមានល្អណាស់ ក្នុងដំណើរត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។ ក្តីកង្វល់នានាត្រូវបានដោះស្រាយបានមួយចំនួនធំជាបន្តបន្ទាប់ រាប់បញ្ជូលទាំងក្តីកង្វល់នៃគម្រោងផែនការហូបចុក ស្នាក់នៅ និងការសាងសង់ភូមិកីឡាជាដើម។ ដូច្នេះចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០២២ នឹងចាប់ផ្តើមអនុវត្តផែនការទាំងអស់ឲ្យបានរួចរាល់»។ លោក វ៉ាត់ ចំរើន បន្ថែម៕