(បរទេស)៖ ថ្មីៗនេះមានមានពាក្យចចាមអារាមជាច្រើនទាក់ទងនឹងស្មាតហ្វូនដែលអាចបត់បានរបស់ Samsung គឺ Galaxy Z Fold 4 និង Z Flip 4 ដែលនឹងមកដល់នាពេលខាងមុខនេះជាមួយនឹងជម្រើសអង្គផ្ទុកទិន្នន័យច្រើនជាងម៉ូដែលមុនៗទាំងអស់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២។

ប្រភពពី SamMobile បានឱ្យដឹងថា ស្មាតហ្វូន Galaxy Z Fold 4 នឹងចេញលក់ជាមួយនឹងជម្រើសទំហំផ្ទុក 1TB ដែលជាចំនួនច្រើនទ្វេដងនៃទំហំផ្ទុកដែលមាននៅក្នុងស្មាតហ្វូនដែលអាចបត់បានរបស់ Samsung។ ខណៈបច្ចុប្បន្ននេះ Samsung ផ្តល់ជូនត្រឹមតែ 256GB និង 512GB សម្រាប់ Galaxy Z Fold 3 ប៉ុណ្ណោះ ហើយចំពោះទំហំផ្ទុកដ៏ធំ 1TB នេះទំនងជាមាននៅក្នុងជំនាន់បន្ទាប់របស់ពួកគេហ្នឹងឯង។ ម្យ៉ាងវិញទៀតមានពាក្យចចាមអារាមថា Galaxy Z Fold 4 នឹងមានទម្ងន់ស្រាលជាង Fold 3 ហើយវានឹងត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 8+ Gen 1 រួមជាមួយនឹង SoC និងថាមពលថ្មដល់ទៅ 4,400 mAh ឯណោះ។

យ៉ាងណាមិញដំណឹងល្អនេះក៏មានសម្រាប់ Galaxy Z Flip 4 ផងដែរ ដែលត្រូវបានគេរាយការណ៍ថានឹងមកដល់ជាមួយនឹងទំហំផ្ទុកធំជាងមុនទ្វេដងឯណោះ។ ប្រភពពី SamMobile ដដែលបានបញ្ជាក់ថា ស្មាតហ្វូនដែលអាចបត់បានថ្មីនេះនឹងមានជម្រើសអង្គផ្ទុកទិន្នន័យ 512GB ដែលវាជាលើកទី១ ហើយដែល Samsung ដាក់អង្គផ្ទុកទិន្នន័យច្រើនក្នុងស្មាតហ្វូន Clamshell របស់ខ្លួន ខណៈដែល ៣ម៉ូដែលមុនៗមានទំហំអតិបរិមា 256GB ប៉ុណ្ណោះ។ ហើយម៉ូដែលនេះត្រូវបានគេរំពឹងថា នឹងបំពាក់បន្ទះឈីបប Snapdragon 8+ Gen 1 ហើយមានផ្នត់តូចជាងមុន និងគែមថ្មី ក៏ដូចជា Cover Screen ធំជាងមុនផងដែរ។

លើសពីនេះទៅទៀតប្រភពក៏បានបញ្ជាក់ដែរថា Galaxy Z Flip 4 នឹងនៅតែមិនមកជាមួយរន្ធដោត microSD នោះទេដែរស្ទើតែជាការភ្ញាក់ផ្អើលមួយចាប់តាំងពីត្រកូលមុនបានរំលងរន្ធដោតនេះ។ ដោយឡែកសម្រាប់ Galaxy Z Fold 4 វិញទំនងជាមកជាមួយនឹងរន្ធដោត microSD។

ចំពោះតម្លៃវិញវាមិនច្បាស់ថាតើ Samsung នឹងកំណត់តម្លៃប៉ុន្មានសម្រាប់ Galaxy Z Fold 4 ដោយជាឯកសារយោងកាលពីម៉ូដែល Fold 3 ទំហំ 512GB ដែលចេញលក់មានតម្លៃ ១,៨៩៩ដុល្លារ។ ហើយប្រើសិនបើទំហំ 512GB Fold4 នៅតែមានតម្លៃដដែលនៅពេលដាក់លក់ នោះរំពឹងថាម៉ូដែល 1TB នឹងមានតម្លៃយ៉ាងហោចណាស់ ១,៩៩៩ដុល្លារ ទៅជាង ២០០០ដុល្លារ ខណៈដែល Galaxy Z Flip 4 ថ្មីនឹងមកជាមួយនឹងតម្លៃខ្ពស់ជាងជម្មតា ប្រហែលខ្ទង់ ១០០០ដុល្លារ៕