(វ៉ាលេនសៀ)៖ ក្លិបបាល់ទាត់អេស្ប៉ាញ Valencia បានសម្រេចតែងតាំងអតីតអ្នកចាត់ការក្លិប Napoli លោក Gennaro Gattuso ជាអ្នកចាត់ការថ្មីរបស់ខ្លួន លើកិច្ចសន្យារយៈពេល ២ឆ្នាំ បន្ទាប់ពីការចាកចេញរបស់លោក Jose Bordalas។ នេះបើតាមការប្រកាសពីក្លិបលេងនៅ La Liga ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២។

លោក Gattuso អតីតខ្សែបម្រើក្លិប AC Milan និងក្រុមជម្រើសជាតិអ៉ីតាលី បានចំណាយពេលដឹកនាំក្លិបពពកស Napoli ដែលលេងនៅ Serie A ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ហើយបានដឹកនាំក្រុមដណ្តើមបានពានរង្វាន់ Coppa Italia ផងដែរ។

បុរសវ័យ ៤៤ឆ្នាំរូបនេះ ត្រូវបានតែងតាំងជាអ្នកចាត់ការក្លិប Fiorentina កាលពីរដូវក្តៅមុន ប៉ុន្តែលោកបានចាកចេញពីតួនាទី មុនកាលកំណត់ចាប់ផ្តើមជាផ្លូវការរបស់លោកដែលត្រូវបានធ្វើឡើង ដោយគ្មានបញ្ជាក់ពីមូលហេតុនៃការចាកចេញនោះទេ។

សូមជម្រាបថា Valencia បានបញ្ចប់នៅចំណាត់ថ្នាក់ទី៩ ក្នុងលីគ La Liga នៅរដូវកាលឆ្នាំ២០២១-២២៕