(ឡុងដ៍)៖ លីគបាល់ទាត់ Premier League បានផ្អាកកិច្ចព្រមព្រៀងផ្សព្វផ្សាយ តាមរយៈទូរទស្សន៍របស់ខ្លួនជាមួយនឹងទូរទស្សន៍រុស្ស៊ី Match TV បន្ទាប់ពីមានការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ នេះបើយោងតាមប្រភពដែលបានដឹងពីបញ្ហា ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២។

ប្រភពដដែលបានបញ្ជាក់ថា លីគបានបញ្ជាក់ប្រាប់ក្លិបនានាអំពីការសម្រេចចិត្តរបស់ខ្លួន នៅក្នុងកិច្ចប្រជុំទូទៅប្រចាំឆ្នាំមួយនៅថ្ងៃព្រហស្បតិ៍។

រុស្ស៊ី បានហៅការឈ្លានពានលើអ៊ុយក្រែនជា «ប្រតិបត្តិការយោធាពិសេស»។

Premier League បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៦ឆ្នាំដែលមានតម្លៃ ៤៣លានផោន (៥៣.៩១លានដុល្លារ) ជាមួយទូរទស្សន៍ Match TV ជាទូរទស្សន៍មានម្ចាស់គ្រប់គ្រងដោយក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom។

កិច្ចសន្យានេះគ្រោងនឹងចាប់ផ្តើមដំណើរការនៅពេលចាប់ផ្តើមរដូវកាលឆ្នាំ២០២២-២៣។

សូមជម្រាបថា កាលពីខែមីនា Premier League បានព្យួរកិច្ចសន្យារបស់ខ្លួនជាមួយក្រុមហ៊ុនផ្សព្វផ្សាយរុស្ស៊ី Rambler ដែលទើបនឹងផុតកំណត់ នៅពេលបញ្ចប់រដូវកាល២០២១-២២៕