(សៀមរាប)៖ ក្នុងការកសាងខ្លោងទ្វារទាំង៥នៃក្រុងអង្គរធំកាលពីជិតមួយពាន់ឆ្នាំមុន បុព្វបុរសខ្មែរនាសម័យនោះគឺបានបញ្ចុះវត្ថុពិសេស វត្ថុស័ក្តិសិទ្ធិ និងវត្ថុសិរីមង្គលមួយចំនួន តួយ៉ាងក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានធ្វើកិច្ចមង្គលមួយតាមដែលបុព្វបុរសសម័យអង្គរធ្លាប់ធ្វើដែរ គឺពិធីបញ្ចុះវត្ថុសិរីមង្គលទៅក្នុងកន្លែងដើមវិញនៅលើកំពូលខ្លោងទ្វារតាកាវ។

គួរជម្រាបថា នាអំឡុងពេលជុសជួលខ្លោងទ្វារតាកាវកាលពីកន្លងទៅ ក្រុមការងារអាជ្ញាធរជាតិអប្សរាបានប្រទះឃើញវត្ថុសិរីមង្គលទាំងនោះ និងបានយកវត្ថុទាំងនោះចេញសិន ហើយនៅពេលការជួសជុលនោះជិតសម្រេចរួចរាល់ គេក៏ធ្វើកិច្ចបញ្ចុះវត្ថុទាំងនោះនៅកន្លែងដើមវិញ តាមបែបប្រពៃណីនិងជំនឿសាសនា។ ពិធីកិច្ចនេះត្រូវបានធ្វើឡើងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នាខ្លោងទ្វារតាកាវនោះតែម្ដង។

វត្ថុសិរីមង្គលដែលគេយកទៅបញ្ចុះនោះ គឺគ្រាប់ខ្វាតចំនួន៤គ្រាប់ ដែលជាប្រភេទត្បូងថ្មមានតម្លៃ ខណៈសម័យបច្ចុប្បន្នគេហៅថាត្បូងនោះថា «ត្បូងគ្រីស្តាល់» តាមភាសាបច្ចេកទេស។

កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ថ្មខ្វាតទាំង៤គ្រាប់នោះ គឺក្រុមការងារជួសជុលបានប្រទះឃើញកាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ ក្នុងពេលដែលក្រុមការងារបានរុះរើថ្មចេញពីកំពូលមុខព្រហ្មនៃខ្លោងទ្វារ ដើម្បីរៀបចំសារឡើងវិញជាថ្មីនោះ។

កញ្ញា ម៉េង សុវណ្ណលីលីន បានឱ្យដឹងទៀតថា វត្ថុដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារនោះ ត្រូវគេជឿថាបុព្វបុរសខ្មែរដែលជាអ្នកសាងអង្គរបានចាត់ទុកជាវត្ថុមង្គល ដែលអាចធ្វើឱ្យសំណង់ទាំងនោះមានឫទ្ធិអំណាចផង ដូច្នេះក្រុមការងារជួសជុលខ្លោងទ្វារតាកាវក៏បានធ្វើពិធីបញ្ចុះវត្ថុទាំងនេះនៅតាមកន្លែងដើមវិញទៅតាមប្រពៃណី ដោយមានព្រះសង្ឃនៃព្រះពុទ្ធសាសនាជាអធិបតី ស្វាធ្យាយជយន្តោ ប្រោះព្រំផង និងក្នុងផ្នត់គំនិតមួយដែលជឿថា វត្ថុមង្គលទាំងនេះនឹងនៅតែមានឫទ្ធិ ហើយនឹងជួយការពារថែរក្សាខ្លោងទ្វាតាកាវនោះឱ្យនៅតែគង់វង្សបានយូរអង្វែងតទៅមុខទៀតផង៕