(ឡុងដ៏)៖ ខ្សែប្រយុទ្ធក្លិប Liverpool កីឡាករ Mohamed Salah និងកីឡាការិនី Sam Kerr របស់ក្លិប Chelsea FC បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាល PFA របស់លីគអង់គ្លេស បន្ទាប់ពីអ្នកទាំងពីរ ស៊ុតបញ្ចូលទីច្រើនជាងគេ ជាមួយនឹងការឈ្នះពានស្បែកជើងមាស (Golden Boot) ប្រចាំរដូវកាល ២០២១-២២ ផងដែរ។ នេះបើតាមការឲ្យដឹងពី BBC នាថ្ងៃទី១០ ខែមិថុនា។

ខ្សែប្រយុទ្ធ Salah សញ្ជាតិអេហ្ស៊ីប បានស៊ុតច្រើនជាងគេនៅលីគអង់គ្លេស Premier League បានចំនួន ២៣គ្រាប់ ក៏បានក្លាយជាអ្នកឈ្នះពាន PFA ទី៦ ដែលបានឈ្នះពាននេះ ២លើកដូចទៅនឹងកីឡាករ Mark Hughes, Alan Shearer, Thierry Henry, Cristiano Ronaldo, Gareth Bale និង Kevin de Bruyne ដែលជាម្ចាស់ពាននេះរដូវកាល២០២០-២១។

Salah បានរួមចំណែកជាមួយហង្សក្រហម Liverpool ឈ្នះពាន League Cup និងពាន FA Cup ដែលរូបគេបានបោះបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ១៤លើក ដ្បិតធ្លាប់ឈ្នះពាន PFA Man’s Players’ Player of the Year លើកដំបូងនៅរដូវកាល២០១៧-១៨។

ចំណែកឯ Sam Kerr វិញ ជាកីឡាការិនីសញ្ជាតិអូស្រ្តាលីដំបូងគេ ដែលបានឈ្នះពាន PFA ក្រោយរូបនាងស៊ុតបាន ២០គ្រាប់ និងជូយក្លិបឈ្នះពានបាន២ មានលីគ FA Women’s Super League និងពាន FA Cup ក្នុង ១រដូវកាលនេះ៕