(លីស្បោន)៖ ខ្សែការពារ Joao Cancelo រកបាន ១គ្រាប់ឲ្យព័រទុយហ្គាល់ក្នុងជ័យជម្នះ ២ទល់នឹង០ ទៅលើក្រុមភ្ញៀវសាធារណរដ្ឋឆេក នៃជំនួបជើងទី១ ពានរង្វាន់អឺរ៉ុប UEFA Nations League នៃពូល A ក្រុមទី២ ដ្បិតរកខានរកគ្រាប់បាល់ក្នុងក្លិបអាជីព Manchester City ក្នុងឆ្នាំ២០២២ នេះ។

១គ្រាប់របស់ Cancelo គឺបានកើតឡើងនៅនាទី៣៣ ពីការរួមចំណែកមកពីមិត្តរួមក្រុមក្នុងក្លិបជាមួយគ្នាផងដែរ គឺ Bernado Silva នៅមុនពេល Goncalo Guedes ធ្វើបានសម្រេចគ្រាប់ទី២ នៅ៥នាទីបន្ទាប់រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទីនៅកីឡដ្ឋាន Estadio Jose Alvalade ដែលមានអ្នកទស្សនាផ្ទាល់ប្រមាណជាង ៤ម៉ឺននាក់។

ជាមួយគ្នានោះដែរ ប្រធានក្រុម Cristiano Ronaldo ដែលបានជួយព័រទុយហ្គាល់ឈ្នះពាន UEFA Nations League មុនគេកាលឆ្នាំ២០១៩ នោះ បានខកខានរកគ្រាប់បាល់ ដ្បិតត្រូវបានអ្នកចាត់ការទូទៅលោក Fernando Santos ដាក់លេងពេញម៉ោងក៏ដោយ ក្រោយពេលរកបាន ២គ្រាប់កាលប្រកួតឈ្នះ ៤-០ ទល់នឹងក្រុមស្វីសកាលដើមក្នុងប្រកួតទី២ បន្ទាប់ពីលេងស្មើ ១-១ ពេលប៉ះម្ចាស់ផ្ទះអេស្ប៉ាញនៅថ្ងៃបើកឆាកមកនោះ។

ព័រទុយហ្គាល់ ដែលទើបតែចាញ់ ១ប្រកួតក្នុងពាន Nations League ជាប្រវត្តិសាស្រ្តនេះ បានកំពុងនាំមុខកំពូលតារាងនៃពូល A ក្រុមទី២ ជាមួយ ៧ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតមិនដែលចាញ់ តាមពីក្រោយដោយអេស្ប៉ាញដែលមាន ៥ពិន្ទុ បន្ទាប់ពីយកឈ្នះម្ចាស់ផ្ទះស្វីស ១ទល់នឹង០ នាយប់មិញនេះ៕