(សៀមរាប)៖ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញបំភ្លឺជុំវិញបញ្ហាថតរូបនិងវីដេអូនៅរមណីយដ្ឋានអង្គរ បន្ទាប់ពីការយល់ច្រឡំពីសំណាក់សាធារណជន ពិសេសនៅលើបណ្ដាញសង្គម Facebook។

គួរជម្រាបថា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ មានគណនីហ្វេសប៊ុកមួយឈ្មោះ «Ranuth Yun» បានបង្ហោះសារពាក់ព័ន្ធនឹងការហាមឃាត់ការប្រើប្រាស់ Tripod ក្នុងការថតរូបភាពនិងវីដេអូនៅប្រាសាទអង្គរវត្ត ជាមួយនឹងរូបភាពបុរសម្នាក់ឈរថតប្រាសាទអង្គរវត្តដោយប្រើ Tripod និងកាំមេរ៉ាចំនួន២គ្រឿង ហើយគូសសញ្ញាខ្វែងពណ៌ក្រហមនៅចំចំណុចជើង Tripod ទាំង២នោះ។

ឃ្លាដំបូង «Ranuth Yun» បានសរសេរថា៖ Tripod, now is being BANNED in Angkor wat temple. (Tripod ឥឡូវនេះត្រូវបានហាមឃាត់នៅប្រាសាទអង្គរវត្ត)....។

ជុំវិញការយល់ច្រឡំនេះ លោក ឡុង កុសល បានច្រានចោលនូវខ្លឹមសាររិះគន់ទាំងការយល់ច្រឡំរបស់ម្ចាស់គណនីហ្វេសប៊ុក «Ranuth Yun» ខាងលើនេះ ដោយលោកបានបកស្រាយជូនវិញថា ចំពោះភ្ញៀវទេសចរ ឬប្រជាពលរដ្ឋដែលថតរូបអនុស្សាវរីយ៍ ក្នុងគោលបំណងមិនមែនធ្វើពាណិជ្ជកម្ម អាជ្ញាធរជាតិអប្សរាមិនដែលហាមឃាត់ម្ដងណាឡើយ ប៉ុន្តែប្រសិនបើការថតរូបទាំងនោះសម្រាប់យកទៅប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម ពិសេសគឺការថតធ្វើស្ប៉តពាណិជ្ជកម្ម នោះសាមីខ្លួន ឬក្រុមហ៊ុន ស្ថាប័ន ចាំបាច់ត្រូវតែសុំច្បាប់ជាមុនមកកាន់អាជ្ញាធរជាតិអប្សរា និងត្រូវបង់ប្រាក់ចូលថវិការដ្ឋផងដែរ។ ការហាមឃាត់នេះដែរក៏មិនមែនហាមតែ Tripod តែមួយមុខនោះឡើយ ពោលគឺវាអាស្រ័យលើគោលបំណងនៃការថតរូបនោះប្រើប្រាស់ដើម្បីអ្វី។

លោកបានថ្លែងយ៉ាងដូច្នេះថា «អ្វីដែលជាការហាមរបស់យើងនោះ មិនមែនរឿង Banned នូវ tripod នោះទេ ប៉ុន្តែយើងហាមឃាត់ចំពោះអ្នកដែលថតយកទៅធ្វើពាណិជ្ជកម្ម»

លោក ឡុង កុសល បានបញ្ជាក់ទៀតថា ការកំណត់នេះគឺជាគោលការណ៍របស់អាជ្ញាធរជាតិអប្សរា ក្នុងនោះអាជ្ញាធរជាតិអប្សរាក៏មានភារកិច្ចអនុវត្តនូវកាតព្វកិច្ចទាំងនេះ ហើយប្រជាពលរដ្ឋ ភ្ញៀវទេសចរ ឬក្រុមហ៊ុន ស្ថាប័ននានា ក៏ត្រូវចូលរួមអនុវត្តនូវកាតព្វកិច្ចនេះដែរ ដែលមិនអាចគេចវេសបាន ឬមួយចេះតែរិះគន់នោះឡើយ។

លោកបានបន្តថា នៅពេលស្នើសុំបានហើយ សាមីខ្លួន ឬក្រុមអ្នកថតត្រូវអនុវត្តតាមកិច្ចសន្យាដែលបានធ្វើជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការប្រើប្រាស់រូបភាពឱ្យបានសមស្រប ជៀសវាងការប្រើប្រាស់ដែលនាំឱ្យប៉ះពាល់ដល់តម្លៃនៃប្រាសាទអង្គរ និងសម្បត្តិបេតិកភណ្ឌនានាក្នុងរមណីយដ្ឋានអង្គរ។

ចំពោះតម្លៃនៃការបង់ប្រាក់ចូលថតនោះទៀតសោត លោក ឡុង កុសល បានបន្ថែមថា វាអាស្រ័យលើទំហំការងារ ពេលវេលា និងគោលបំណងផ្សេងៗគ្នា ពោលគឺត្រូវពិនិត្យលើសំណើរបស់សាមីខ្លួន ឬក្រុមហ៊ុន ស្ថាប័នអ្នកស្នើសុំចូលថតនោះជាមុនសិន តែទោះជាយ៉ាងណាតម្លៃទាំងនោះ គឺសុទ្ធតែកំណត់ជាក់ស្ដែង មិនមែនអាស្រ័យលើមាត់មន្ត្រីនោះឡើយ។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរារូបនេះបានសង្កត់ធ្ងន់ថា ការតម្រូវឱ្យចូលរួមអនុវត្តកាតព្វកិច្ចខាងលើនេះ គឺជាការគ្រប់គ្រងទូទៅរបស់អាជ្ញាធរជាតិអប្សរា រួមទាំងការថែរក្សាសណ្ដាប់ធ្នាប់ និងកិច្ចការពារតម្លៃនៃរមណីយដ្ឋានអង្គរផងដែរ៕