(ភ្នំពេញ)៖ ភ្នាក់ងារវីងទូទាំងប្រទេសបានបរិច្ចាគថិវិកាចំនួន៦៩៥៥,០៦ដុល្លារអាមេរិក ដើម្បីជួយដល់សមាជិកភ្នាក់ងារវីងម្នាក់ ដែលអគ្គីភ័យឆាប់ឆេះផ្ទះ។

វីងមិនត្រឹមតែជាក្រុមហ៊ុនមួយនោះទេ តែក៏ជាសហគមន៍មួយ ដោយភ្នាក់ងារវីងបានរួមគ្នាបរិច្ចាគថវិកាចំនួន៦៩៥៥,០៦ដុល្លារអាមេរិក ជួយដល់សមាជិកភ្នាក់ងារវីងម្នាក់ដែលផ្ទះរបស់គាត់ ត្រូវបានលេបត្របាក់ដោយអគ្គីភ័យកាលពីពេលថ្មីៗនេះ។

ឧប្បត្តិហេតុដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ក្នុងខេត្តកំពង់ស្ពឺហើយរយៈពេល១៨ថ្ងៃ ក្រោយមកគឺនៅថ្ងៃទី៩ ខែមិថុនា តំណាងធនាគារវីង បានប្រមូលនិងបានផ្តល់ថវិកាដែលបានមក ពីមូលនិធិភ្នាក់ងារវីងជូនដល់ជនរងគ្រោះ និងក្រុមគ្រួសារ។ មូលនិធិភ្នាក់ងារវីងនេះ ត្រូវបានបង្កើតឡើងកាលពីខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណង រៃអង្គាសថវិកាជួយដល់បុព្វហេតុសង្គមនានាក្នុងប្រទេសកម្ពុជា។

លោក អ៊ឹង គីមស្រៀង ភ្នាក់ងារវីង ជនរងគ្រោះដោយអគ្គីភ័យខេត្តកំពង់ស្ពឺ បានឲ្យដឹងថា «ទ្រព្យសម្បត្តិខ្ញុំ និងប្រពន្ធខ្ញុំព្យាយាមសន្សំជាង២២ឆ្នាំ ត្រូវបានបំផ្លាញទាំងស្រុងត្រឹមតែរយៈពេលមួយយប់តែប៉ុណ្ណោះ។ តើខ្ញុំគួរធ្វើអ្វីបន្ទាប់ទៀត? ខ្ញុំមានអារម្មណ៍ វល់ៗរកគិតអ្វីមិនឃើញ»

ជាសំណាងល្អក្រុមគ្រួសារទាំងមូលរួមទាំង ប្តី ប្រពន្ធ និងកូន ត្រូវបានជម្លៀសចេញពីអណ្តាតភ្លើងតាមច្រកទ្វារខាងមុខ ហើយមិនមាននរណាម្នាក់រងរបួសនោះទេ។

ឆ្លើយតបទៅនឹងសោកនាដកម្ម ភ្លាមៗនោះធនាគារ វីង ក៏បានបរិច្ចាគថវិកាចំនួន៥០០ ដុល្លារសហរដ្ឋអាមេរិកដល់ជនរងគ្រោះ។

លោក អ៊ឹង គីមស្រៀង បានបន្តថា «ខ្ញុំទទួលបានក្តីសង្ឃឹម និងកម្លាំងចិត្តនៅពេលដែលឃើញថ្នាក់ដឹកនាំធនាគារវីង និងតំណាង ភ្នាក់ងារវីង មកជួយពួកយើងដល់ទីកន្លែង»

លោក ស្រ៊ុន ឈាងស្រេង នាយកគ្រប់គ្រងអាជីវកម្មទីផ្សារអតិថិជន ទទួលបន្ទុកគ្រប់គ្រងបណ្តាញភ្នាក់ងារ នៃធនាគារ វីង បានឲ្យដឹងថា «យើងយល់ពីអារម្មណ៍ នៃការបាត់បង់របស់លោក អ៊ឹង គីមស្រៀង ហើយសង្ឃឹមថា ការរួមចំណែកខ្លះៗ នឹងអាចជួយគ្រួសារក្នុងគ្រាលំបាកនេះ។ មិនត្រឹមជាដៃគូអាជីវកម្មតែប៉ុណ្ណោះទេ តែជាគ្រួសារតែមួយផងដែរ»

ភ្លាមៗក្រោយពីអគ្គីភ័យបានកើតឡើង វីងបានចេញសេចក្តីជូនដំណឹង ដល់ភ្នាក់ងារវីងទូទាំងប្រទេសកៀរគរថវិកា តាមរយៈមូលនិធិភ្នាក់ងារវីង ដើម្បីជួយសម្រាលទុក្ខលំបាករបស់ លោក អ៊ឹង គីមស្រៀង។ ការរៃអង្គាសថវិកាត្រូវបានធ្វើឡើងរហូតដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២នេះ។

លោក សេង សុខវេង ជាភ្នាក់ងារវីងមួយរូប បានបរិច្ចាគថវិកាដោយផ្ទាល់ចំនួន ២០០០ ដុល្លារសហរដ្ឋអាមេរិក ជួយដល់គ្រួសាររបស់ លោក អ៊ឹង គីមស្រៀង ផងដែរ។

លោក សេង សុខវេង បានឲ្យដឹងថា «ខ្ញុំពិតជារន្ធត់ណាស់ពេលទទួលដំណឹងដ៏សោកសៅនេះ ការរួមចំណែករបស់ខ្ញុំមិនច្រើនទេ ប៉ុន្តែនេះជាទឹកចិត្តបន្តិចបន្តួចរបស់ខ្ញុំ។ លោក អ៊ឹង គីមស្រៀង ជាភ្នាក់ងារវីងដ៏ល្អម្នាក់ដែលបានជួយមនុស្សជាច្រើន គាត់គឺមនុស្សចិត្តល្អ និងបានជួយឲ្យខ្ញុំក្លាយជាភ្នាក់ងារវីងដ៏ល្អមួយរូប»

លោក ស្រ៊ុន ឈាងស្រេង បានបន្តថា សាមគ្គីភាពមានសារៈសំខាន់ ក្នុងការជម្នះនូវការលំបាកដែលកើតឡើងក្នុងស្ថានភាពវិបត្តិបែបនេះ។ ពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះសកម្មភាពប្រកបដោយទឹកចិត្តសប្បុរស និងមានការលះបង់ខ្ពស់របស់ភ្នាក់ងារ ដែលបានជួយសមាជិក ក្នុងសហគមន៍ដែលខ្វះខាត តាមរយៈមូលនិធិនេះ។

មកដល់ពេលនេះ មានភ្នាក់ងារវីងជិត ១០.៨០០ កន្លែងនៅគ្រប់ស្រុកក្នុងប្រទេសកម្ពុជា ដែលជាហេតុធ្វើឲ្យពួកគេអាចកៀរគរថវិកាជាច្រើន ដើម្បីបុព្វហេតុសប្បុរសធម៌នានាបានជាច្រើន។ កាលពីខែកញ្ញា ឆ្នាំ២០២១ ភ្នាក់ងារវីងនៅទូទាំងប្រទេសបានស្ម័គ្រចិត្តបរិច្ចាគថវិកាប្រមាណ ៤៥.០០០ ដុល្លារអាមេរិកជូនមូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ។

ភ្នាក់ងារវីង មិនត្រឹមតែបម្រើ សេវាកម្មហិរញ្ញវត្ថុសម្រាប់បំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែជារឿយៗពួកគេថែមទាំង បានបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីជួយដល់ជនងាយរងគ្រោះ ក្នុងសហគមន៍របស់ពួកគេផងដែរ៕