(សៀមរាប)៖ យុវជនកម្ពុជាចំនួន៣០នាក់បានចូលរួមដាក់ពាក្យសម្ភាសចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាល «ជំនាញអភិរក្សថ្ម» នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ ខេត្តសៀមរាប ដើម្បីរួមចំណែកក្នុងការអភិរក្សប្រាង្គប្រាសាទរបស់បុព្វបុរសដូនតា, នេះបើតាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរា។

ការសម្ភាសនេះធ្វើឡើងនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ ដើម្បីជម្រុះយកបេក្ខភាពចំនួន២០នាក់ សម្រាប់ចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្ម រយៈពេល២ឆ្នាំកន្លះ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ តទៅ។

បេក្ខភាពចំនួន៣០នាក់មកពីនាយកដ្ឋានចំនួន៤នៃអាជ្ញាធរជាតិអប្សរា រួមមាន នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នាយកដ្ឋានរដ្ឋបាល បុគ្គលិក និងសម្ភារៈ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ។ ពួកគេបានឆ្លងកាត់ការសម្ភាសជាមួយមន្រ្តី និងអ្នកជំនាញ និងបានឆ្លងកាត់ការពិនិត្យនិងវាយតម្លៃលើប្រវត្តិរូបសង្ខេបពីក្រុមការងារ GIZ ក្រុមការងារជំនាញអភិរក្សថ្ម (SCU) ក៏ដូចជាលោក អ៉ឹម សុខរិទ្ធី ប្រធាននាយកដ្ឋាន និងក្រុមការងារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ។

អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ទៀតថា វគ្គបណ្ដុះបណ្ដាលនេះគឺមានការបណ្តុះបណ្តាលពីអ្នកជំនាញជាន់ខ្ពស់ខាងអភិរក្សថ្ម ដើម្បីរៀបចំផែនការ និងដឹកនាំអនុវត្តគម្រោងអភិរក្សនិងជួសជុលបេតិកភណ្ឌតាមស្តង់ដាអន្តរជាតិទៅអនាគត។

អត្ថប្រយោជន៍ដែលសិក្ខាកាមនឹងទទួលបាន គឺទី១ចំណេះដឹងអំពីសម្ភារសំណង់ប្រាសាទ រចនាសម្ពន្ធប្រាសាទ ការខូចខាតនៃគ្រឿងសំណង់ ទី២នឹងមានលទ្ធភាពរៀបចំដំឡើងគម្រោងព្យាបាលជំងឺថ្ម និងជួសជុលថ្ម និងទី៣នឹងមានលទ្ធភាពព្យាបាលថ្ម និងជួសជុលតាមវិធីសាស្រ្តវិទ្យាសាស្រ្ត។

បេក្ខភាពមួយរូប គឺលោក លាន់ ដារា អាយុ២៩ឆ្នាំ បម្រើការងារជាភ្នាក់ងារទេសចរណ៍នៅប្រាសាទប្រែរូប បានដាក់ពាក្យដើម្បីចូលរៀនវគ្គបណ្ដុះបណ្ដាលខាងលើ ព្រោះលោកស្រឡាញ់ និងចង់បានជំនាញច្បាស់លាស់មួយទៅថ្ងៃអនាគត។ នេះជាឱកាសមួយសម្រាប់ ដារា ដែលនឹងអាចបានរៀនសូត្រចំណេះដឹងដែលខ្លួនស្រឡាញ់ ពិសេសទទួលបានសញ្ញាបត្រមួយដែលទទួលស្គាល់ពីអ្នកជំនាញច្បាស់លាស់។

សម្រាប់យុវជន លាន់ ដារា ទោះដឹងថាការងារអភិរក្សថ្មមានការលំបាកក៏ពិតមែន តែលោកជឿជាក់ថាខ្លួននឹងធ្វើកិច្ចការងារនេះបានដោយមិនរារែកឡើយ ដើម្បីរួមចំណែកអភិរក្សប្រាង្គប្រាសាទដែលបេតិកភណ្ឌរបស់មនុស្សជាតិទុកសម្រាប់អ្នកជំនាន់ក្រោយ៕