(អាមេរិក)៖ តារាហូលីវូដល្បីឈ្មោះ Johnny Depp កំពុងតែធ្វើឲ្យអ្នកគាំទ្រក្នុងបណ្តាញសង្គម TikTok ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកបានសម្រេចបង្កើតគណនី TikTok ផ្ទាល់ខ្លួន និងបង្ហោះបានមួយវីដេអូដំបូង តែងាកទៅមើលចំនួនអ្នកតាមដាន ឬ Follower វិញ គឺកើនឡើងខ្ទង់ ១២.៤លាននាក់ មួយរំពេចតែម្តង។

មួយរយៈពេលចុងក្រោយនេះ វីដេអូរបស់ Johnny Depp ឡើងតទល់ក្តីជាមួយអតីតភរិយា ត្រូវបានអ្នកលេង TikTok យកទៅបង្ហោះព្រោងព្រាត។ អ្វីដែលគេចាប់អារម្មណ៍នោះ គឺនៅលើ Platform របស់ TikTok ហាក់មានការផ្ទុះខ្លាំងចំពោះវីដេអូ Jonny Depp និងអតីតភរិយាពេលឡើងតុលាការ តាមរយៈការប្រើ Hashtag #JusticeForJohnnyDepp និង Hashtag #JusticeForAmberHeard។

ខណៈរឿងក្តីបានបញ្ចប់ហើយនោះ មិនបង្អង់យូរឡើយ តួអង្គចោរសមុទ្រក្នុងរឿង «Pirates of the Caribbean» រូបនេះ ស្រាប់តែបង្កើតគណនី TikTok ផ្ទាល់ខ្លួនមួយភ្លែត បន្ទាប់ពីឈ្នះក្តីជាមួយអតីតភរិយានាង Amber Heard ដោយទទួលបានសំណងផ្លូវចិត្ត ១៥លានដុល្លារ។

ក្នុង TikTok របស់លោក គិតត្រឹមថ្ងៃទី១០ ខែមិថុនានេះ គឺបានបង្ហោះមួយវីដេអូដំបូង ខណៈអ្នក Follow គឺមានជាង ១២លាននាក់ ដែលចំនួនបានកើនឡើងយ៉ាងលឿន ត្រឹមរយៈពេលដ៏ខ្លី៕