(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft កំពុងបញ្ចេញកម្មវិធីហ្គេម Xbox ជាច្រើនសម្រាប់ Smart TVs ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចចាក់វីដេអូហ្គេម Xbox បានបើទោះបីជាពួកគេគ្មានឧបករណ៍ហ្គេម (Console) ក៏ដោយ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២។

Microsoft បានលើកឡើងនៅថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងនាំយកកម្មវិធីនេះជាលើកដំបូងទៅកាន់ Smart TVs របស់ Samsung ឆ្នាំ២០២២ ហើយបន្ទាប់មកនឹងចែកចាយទៅកាន់ក្រុមហ៊ុនផលិតផ្សេងទៀត។ ដោយកម្មវិធីនេះនឹងមានលក់ចាប់ពីថ្ងៃទី៣០ ខែមិថុនា ខាងមុខនេះ ហើយវានឹងមាននៅក្នុងប្រទេសចំនួន ២៧ ទៀតផង។

យ៉ាងណាមិញសេវាកម្មហ្គេម គឺជាប្រភេទផលិតផលធំជាងគេទី៤ របស់ Microsoft ហើយក្រុមហ៊ុននេះក៏កំពុងតែទាក់ទាញអ្នកប្រើប្រាស់ជាច្រើនទៅកាន់សេវាកម្មជាវ Game Pass ដែលមានតម្លៃត្រឹមតែ ១០ដុល្លារប៉ុណ្ណោះក្នុងមួយខែ និងរួមបញ្ចូលទាំងជម្រើសសម្រាប់អ្នកដែលកំពុងលេងនៅលើកុំព្យូទ័រ និងផ្សាយតាមរយៈ Cloud ផងដែរ។ ជាមួយនឹងសេវាកម្មថ្មីនេះនឹងអនុញ្ញាតឱ្យអ្នកលេងលេងហ្គេម អាចលេងកម្មវិធី Xbox ជាមួយនឹងឧបករណ៍បញ្ជា DualSense ដែលភ្ជាប់ Bluetooth របស់ Sony ក៏ដូចជាឧបករណ៍បញ្ជា Xbox ឥតខ្សែរបស់ Microsoft បាន រួមទាំងអាចលេងហ្គេមបានជាង ១០០ ប្រភេទឯណោះនៅលើ Smart TVs។

ដោយឡែក ប្រភេទហ្គេមទាំងនោះក៏មានរួមបញ្ចូលទាំង «Halo Infinite» និង «Forza Horizon 5» នឹងមាននៅលើ Smart TVs ស៊េរីថ្មី ហើយចំពោះឧបករណ៍ហ្គេម (Console) Xbox នឹងមិនត្រូវការក្នុងការលេងហ្គេមនោះឡើយ។ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់ Microsoft បានបង្ហាញឱ្យឃើញថាពួកគេកំពុងតែព្យាយាមចេញឆ្ងាយពី ឧបករណ៍ Streaming ប្រភេទ Codename Keystone ហើយមានគម្រោងនាំយក Xbox Clound Gaming ទៅកាន់អ្នកប្រើប្រាស់នៅជុំវិញពិភពលោកនាពេលអនាគតថែមទៀតផង៕