(ភ្នំពេញ)៖ កវីនិពន្ធល្បីឈ្មោះលោក យឹម តាស្រង់ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារមានដូចជា គ្រួសារ EEw9 ម៉ាក់អ៉ីអ៉ី និងក្រុមរតនៈវិបុល ដើម្បីចូលរួមចែករំលែកក្ដីស្រឡាញ់ នាំយកនូវថវិកា និងស្បៀងអាហារមួយចំនួនធំ ជូនដល់កុមារកំព្រាប្រមាណជាង១០០នាក់ ដែលកំពុងរស់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រា «មែកឈើ» ដែលមានទីតាំងស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ថ្លែងប្រាប់ Fresh News Plus លោក យឹម តាស្រង់ បានឲ្យដឹងថា ជាការពិតនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ លោក និងក្រុមគ្រួសារ EEw9 ម៉ាក់អ៉ីអ៉ី និងក្រុមរតនៈវិបុល បានពាំនាំយកនូវថវិកា អង្ករ នំ ទឹកផ្លែឈើ ត្រីខ និងសម្ភារៈមួយចំនួនទៀត ទៅចែកជូនដល់កុមារកំព្រា នៅមជ្ឈមណ្ឌលកុមារកំព្រាមួយមានឈ្មោះថា «មែកឈើ» ដែលកំពុងតែជួបប្រទះនូវការខ្វះខាតខ្លាំង នៅក្នុងការផ្គត់ផ្គង់ប្រចាំថ្ងៃ។ លោកថា នេះមិនមែនជាលើកទី១ទេ ដែលលោកបានទៅចែករំលែកក្ដីស្រឡាញ់ ជាមួយកុមារកំព្រានៅទីនោះ។

កវីនិពន្ធ យឹម តាស្រង់ បានបន្តទៀតថា លោកពិតជាអាណិតអាសូរខ្លាំង ពេលដែលបានឃើញកុមារកំព្រាទាំងនោះ ហើយលោកក៏សូមអំពាវនាវដល់សប្បុរសជននានា មេត្តាជួយចូលរួមជួយដល់កុមារ ដែលរស់នៅក្នុងមជ្ឈមណ្ឌលខាងលើ ដើម្បីឲ្យម្ចាស់មជ្ឈមណ្ឌល មានលទ្ធភាពគ្រប់គ្រាន់ អាចចិញ្ចឹមបីបាច់កុមារកំព្រាទាំងនោះ បានល្អប្រសើរជាងមុន។ លោក យឹម តាស្រង់ បញ្ជាក់ថា ប្រសិនបើសប្បុរសជនមានសមានចិត្ត ចង់ជួយដល់កុមារកំព្រាអាចទាក់ទងតាមលេខ ប្រធានមជ្ឈមណ្ឌលផ្ទាល់ក៏បាន គឺតាមរយៈលេខ ០៩៦ ៥៦ ៥៧ ៦០៩។

អតីតអ្នកនិពន្ធល្បីឈ្មោះរូបនេះបន្តថា លោកពិតជាកោតសរសើរដល់ប្រធានមជ្ឈមណ្ឌលកុមារកំព្រា «មែកឈើ» ដែលរូបគាត់បានលះបង់កម្លាំងកាយចិត្ត និងពេលវេលា មើលថែកុមារកំព្រាប្រមាណជាង១០០នាក់ ខាងលើនេះបានយ៉ាងល្អ និងដោយទឹកចិត្តអាណិតស្រឡាញ់ពិតប្រាកដ។ លោកថា ទោះបីជានៅថ្ងៃនេះ រូបលោក និងក្រុមការងារបាននាំយកអំណោយ ទៅចែកជូនដល់មជ្ឈមណ្ឌលដោយផ្ទាល់ដៃក្ដី ប៉ុន្តែនៅមិនទាន់អាចបំពេញតម្រូវការគ្រប់គ្រាន់បាននៅឡើយទេ លោកសូមទទូចដល់សប្បុរសជនជួយបន្ថែមទៀត។

សូមបញ្ជាក់ថា កវីនិពន្ធល្បីឈ្មោះ និងជាអតីតអ្នកគ្រប់គ្រងទូទៅ ប្រចាំក្នុងផលិតកម្ម «Galaxy Navatra» លោក យឹម តាស្រង់ កាលពីពេលថ្មីៗនេះ បានសម្រេចចិត្តដើរចេញពីផលិតកម្ម «Galaxy Navatra» ហើយ ដោយសំអាងទៅលើមូលហេតុថា ជាប់រវល់មើលការខុសត្រូវ នឹងជំនួញផ្ទាល់ខ្លួន ដែលមានរហូតដល់ទៅ ២ឬ៣ក្រុមហ៊ុន ដែលលោកទើបតែបង្កើតឡើងនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា បន្ទាប់ពីសម្រេចចិត្តថា នឹងដើរចេញពី «Galaxy Navatra» ក៏ពិតមែន ប៉ុន្តែលោក យឹម តាស្រង់ នៅតែមិនភ្លេចនូវអនុស្សាវរីយ៍ ជាពិសេសមិនភ្លេចគុណអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាម្ចាស់ផលិតកម្មឡើយ៕