(ភ្នំពេញ)៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង បានជាប់ចំណាត់ថ្នាក់ ក្នុងចំណោមសាកលវិទ្យាល័យនវានុវត្តន៍កម្រិតពិភពលោកចំនួន១០០ (WURI 2022: Global Top 100 Innovative Universities) និងចំណាត់ថ្នាក់កម្មវិធីជំនាញ (Top 50) ដែលវាយតម្លៃដោយគណៈកម្មការសម្ព័ន្ធសាកលវិទ្យាល័យពិភពលោក The World's Universities with Real Impacts (WURI)។

តាមសេចក្តីប្រកាសព័ត៌មាន របស់សាកសវិទ្យាល័យជាតិគ្រប់គ្រង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៨យប់ គណៈកម្មការសម្ព័ន្ធសាកលវិទ្យាល័យពិភពលោក ដែលជាអ្នករៀបចំការវាយតម្លៃប្រចាំឆ្នាំនៃចំណាត់ថ្នាក់សាកលវិទ្យាល័យ កម្រិតពិភពលោក The World's Universities with Real Impacts (WURI) បានប្រកាសផ្តល់ចំណាត់ថា្នក់សាកលវិទ្យាល័យជាតិគ្រប់គ្រង ចូលក្នុងចំណាត់ថ្នាក់ក្នុងចំណោមសាកលវិទ្យាល័យនវានុវត្តន៍កម្រិតពិភពលោកចំនួន១០០ (WURI 2022: Global Top 100 Innovative Universities) និងចំណាត់ថ្នាក់កម្មវិធីជំនាញ (Top 50) ដែលមាននវានុវត្តន៍ឆ្នើមលើកម្មវិធីសិក្សា៥ប្រភេទ រួមមាន៖

១៖ កម្មវិធីបណ្តុះបណ្តាលផ្សារភ្ជាប់ការអនុវត្តក្នុងវិស័យឧស្សាហកម្ម (Industrial Application) ចំណាត់ថ្នាក់ទី៣៧ ក្នុងចំណោមគម្រោងល្អជាងគេទាំង៥០
២៖ កម្មវិធីសិក្សាសហគ្រិនភាព (Entrepreneurial Spirit) ចំណាត់ថ្នាក់ទី២៧ក្នុងចំណោមគម្រោងល្អជាងគេទាំង៥០
៣៖ កម្មវិធីបណ្តុះតម្លៃសីលធម៌សង្គម (Ethical Value) ចំណាត់ថ្នាក់ទី៣២ ក្នុងចំណោមគម្រោងល្អជាងគេទាំង៥០
៤៖ កម្មវិធីគ្រប់គ្រងក្នុងពេលមានវិបត្តិ (Crisis Management) ចំណាត់ថ្នាក់ទី៣០ ក្នុងចំណោមគម្រោងល្អជាងគេទាំង៥០
៥៖ កម្មវិធីបណ្តុះបណ្តាលសម្រាប់បដិវត្តន៍ឧស្សាហកម្ម ៤.០ (Fourth Industrial Revolution) ចំណាត់ថ្នាក់ទី២ ក្នុងចំណោមគម្រោងល្អជាងគេទាំង៥០

ក្នុងចំណោមកម្មវិធីទាំង៥ខាងលើ កម្មវិធីបណ្តុះបណ្តាលសម្រាប់បដិវត្តន៍ឧស្សាហកម្ម ៤.០ របស់មហាវិទ្យាល័យសេដ្ឋកិច្ចឌីជីថល ដែលផ្តោតលើ Blockchain-Based App Development និងទទួលបានចំណាត់ថ្នាក់ទី២ ត្រូវបានលើកយកជាករណីនវានុវត្តន៍គំរូសម្រាប់ការចែករំលែកក្នុងសន្និសីទ WURI 2022។

សូមបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំ២០២១កន្លងទៅ សាកលវិទ្យាល័យជាតិគ្រប់គ្រង ទទួលបានចំណាត់ថ្នាក់ ក្នុងក្រុម WURI 2021: Top Global Universities 101-200 និង Top 50 សម្រាប់កម្មវិធីដែលសម្រេចបាននូវនវានុវត្តន៍ឆ្នើម រួមមានកម្មវិធីសិក្សាសហគ្រិនភាព ការបណ្តុះតម្លៃសីលធម៌សង្គម និងការគ្រប់គ្រងក្នុងពេលមានវិបត្តិ៕
សម្រាប់ព័ត៌មានលម្អិត សូមចូលគេហទំព័រៈ https://www.wuri.world