(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដាភីអិលស៊ី ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា បានចាប់ដៃគូជាមួយហ្វរ៉េសអ៊ិនធឺអ៊ែកទីវខេមបូឌា (Forest Interactive Cambodia) ដើម្បីពង្រីកការផ្តល់ជូនប័ណ្ណទូទាត់ឌីជីថល ដែលអាចទូទាត់បានតាមរយៈកម្មវិធី អេស៊ីលីដាម៉ូបាល។

លោក តូ សុខណាង អ្នកគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុនហ្វរ៉េសអ៊ិនធឺអ៊ែកទីវខេមបូឌា មានប្រសាសន៍ថា «ខ្ញុំមានទំនុកចិត្តថាភាពជាដៃគូរួមគ្នានេះនឹងបើកឱកាសកាន់តែច្រើនសម្រាប់ធនាគារអេស៊ីលីដាក្នុងការគាំទ្រការទូទាត់តាមឌីជីថលសម្រាប់វល្លិតកូដ (WalletCode) ។ ប័ណ្ណទូទាត់ឌីជីថលផ្តល់ជូនអ្នកប្រើប្រាស់នូវភាពងាយស្រួល ភាពបត់បែនជំនឿជាក់ និងសុវត្ថិភាពហើយយើងក៍ឃើញមានការកើនឡើងយ៉ាងខ្លាំងនូវតម្រូវការក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»

លោកបន្តថា តាមរយៈវល្លិតកូដដែលជាទម្រង់ត្រូវបានបង្កើតឡើងដោយហ្វរ៉េសអ៊ិនធឺអ៊ែកទីវនោះគឺ យើងបានប្តេជ្ញាចិត្តធ្វើឲ្យការកម្សាន្តឌីជីថលអាចចូលប្រើប្រាស់បានទាំងអស់គ្នាហើយយើងតែងស្វែងរកវិធីល្អៗ និងថ្មីៗដើម្បីធ្វើឲ្យកាន់តែងាយស្រួលសម្រាប់អតិថិជនក្នុងការទូទាត់។ តាមរយៈភាពជាដៃគូជាមួយ ធនាគារ អេស៊ីលីដាភីអិលស៊ីនេះអតិថិជនអាចទូទាត់ប្រាក់ សម្រាប់អាជីវកម្មវល្លិតកូដតាមអេស៊ីលីដាម៉ូបាលបានដោយវិធីងាយៗ។

បណ្ឌិត ​អ៊ិន ចាន់នី ជាប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអិលស៊ី បានមានប្រសាសន៍ថា «យើងទទួលស្គាល់ពីសារៈសំខាន់នៃការផ្តល់ជូនអតិថិជនរបស់យើងនូវភាពងាយស្រួលនៃសេវាកម្ម និងផលិតផលណាមួយរបស់ធនាគារក៏ដូចជាឥទ្ធិពលជាវិជ្ជមាន ដែលទទួលបានមកពីភាពជាដៃគូចម្រុះជាមួយក្រុមហ៊ុន ហ្វរ៉េសអ៊ិនធឺអ៊ែកទីវខេមបូឌា នឹងនាំមកនូវអត្ថប្រយោជន៍ដល់សហគមន៍របស់យើង»

ធនាគារ អេស៊ីលីដា បានបង្កើតបណ្តាញប្រតិបត្តិការធំជាងគេនៅគ្រប់ខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា ហើយបានពង្រីកប្រតិបត្តិការរបស់ខ្លួនទៅក្រៅប្រទេសរួមមាន ​ប្រទេសឡាវ និងមីយ៉ាន់ម៉ាផងដែរ។

ទន្ទឹមនឹងនេះទម្រង់ប័ណ្ណទូទាត់បែបឌីជីថល (DigitalVoucherPlatform) របស់ហ្វរ៉េសអ៊ិនធឺអ៊ែកទីវបានបង្កើតចេញជាថ្នាលកម្សាន្តដ៏ទូលំទូលាយមួយ សម្រាប់ប័ណ្ណទូទាត់លើទំនិញឌីជីថលដើម្បីផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ស្មាតហ្វូន ដែលកំពុងកើនឡើងនាពេលបច្ចុប្បន្ននេះព្រមទាំងចូលចិត្តការទិញទំនិញ និងសេវាកម្មតាមអនឡាញ។ ជាមួយនឹងទម្រង់ប័ណ្ណទូទាត់បែបឌីជីថលនេះអាជីវកម្មជាច្រើនអាចផ្តល់ជូនអតិថិជនរបស់ខ្លួននូវសេវាកម្មឌីជីថលដ៏ពេញចិត្តកម្រិតខ្ពស់បំផុត តាមរយៈដំណើរការទូទាត់យ៉ាងសាមញ្ញ និងមានសុវត្ថិភាព។

ដើម្បីរីករាយជាមួយការផ្តល់ជូនផ្តាច់មុខនូវវល្លិតកូដ ពីហ្វរ៉េសអ៊ិនធឺអ៊ែកទីវ​ និងធនាគារអេស៊ីលីដា សូមលោកអ្នកធ្វើការទាញយកអេស៊ីលីដាម៉ូបាល តាមរយៈ PlayStore, AppStore និង AppGallery របស់Huawei៕