(កូរ៉េ)៖ បើនិយាយទៅប្រហែលមួយម៉ោងប៉ុណ្ណោះ បន្ទាប់ពីការចេញផ្សាយជាសកលនូវបទចម្រៀងថ្មី របស់ BTS មានចំណងជើងថា «Yet To Come» ស្រាប់តែគេឃើញថា បទនេះ បានហក់ឡើងដល់លំដាប់លេខរៀងទី១តែម្តង នៅលើតារាង «Top 100» របស់ Melon។ នេះជាលើកទី១ ហើយដែលមានសិល្បករ និងបទចម្រៀងបានជាប់លេខ១ នៅលើតារាង «Melon» ដែលគេស្គាល់ថាជា «Top 100» របស់ Melon តិចជាងរយៈពេល២៤ម៉ោង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន All Kpop នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២។

កន្លងទៅ Melon បានបង្កើតតារាង «24Hits» របស់ខ្លួនឡើងវិញ និងតារាង «Realtime 24Hits» ដែលគេស្គាល់ថា ជាតារាង «Top 100» និងតារាង «Realtime»។ ងាកមកតារាង «Top 100» ដែលទើបបង្កើតថ្មី រួមបញ្ចូលការលេងសរុបក្នុងរយៈពេល ២៤ម៉ោង ជាមួយនឹងការសរុបក្នុងរយៈពេលម៉ោងចុងក្រោយ ដើម្បីកំណត់បទចម្រៀងពេញនិយមបំផុត នៅលើវេទិកាស្ទ្រីម។ ទន្ទឹមនឹងនេះ BTS នឹងសម្តែងបទ «Yet To Come» ដែលជាបទចេញពីអាល់ប៊ុម «Proof» របស់ពួកគេផ្ទាល់ ជាលើកដំបូងដែលមិនធ្លាប់មាន នៅក្នុងការផ្សាយពិសេសនៃ «Run BTS» នៅថ្ងៃទី១៣ ខែមិថុនា ខាងមុខនេះ។

គួរជម្រាបថា ក្រុម BTS កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗ ខណៈក្រុមដែលមានសមាជិកប្រាំពីរនាក់នេះ កាលពីឆ្នាំមុនបានក្លាយជាក្រុមតន្ត្រីអាស៊ីដំបូងគេ ដែលឈ្នះពានសិល្បករឆ្នើមប្រចាំឆ្នាំ នៅកម្មវិធី «American Music Awards»។ កាលពីសប្តាហ៍មុន ពួកគេបានជួបជាមួយប្រធានាធិបតីអាមេរិក Joe Biden នៅសេតវិមាន ដើម្បីពិភាក្សាអំពីឧក្រិដ្ឋកម្មស្អប់ខ្ពើម ដែលផ្តោតលើជនជាតិអាស៊ី៕