(ភ្នំពេញ)៖ ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១០ នឹងត្រូវរៀបចំឡើងវិញនាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ នៅមុខព្រះបរមរាជវាំង ខណៈមានអ្នករត់ជិត ៤ពាន់នាក់បានចុះឈ្មោះ និងត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ថ្លែងក្នុងសន្នីសារព័ត៌មាន នៅថ្ងៃទី១០ ខែមិថុនានេះ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា មកទល់ពេលនេះមានអ្នកចុះឈ្មោះចូលរួមជិត ៤ពាន់នាក់ហើយ ក្នុងនោះមានបរទេសប្រមាណ ៣០០នាក់ ប៉ុន្ដែគណៈកម្មការបានបិទការចុះឈ្មោះសម្រាប់ជនបរទេសនៅក្រៅប្រទេសហើយ ដោយរក្សាទទួលពាក្យតែជនបរទេសរស់នៅកម្ពុជា និងប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះដែលអាចចូលរួមរត់លក្ខណៈកម្សាន្ដចម្ងាយ ៣គីឡូម៉ែត្របាន។

លោកបន្ដថា «នេះគឺជាជោគជ័យមួយហើយដែលយើងបានទទួលអ្នកចូលរួមជិត ៤ពាន់នាក់ បន្ទាប់ពីព្រឹត្តិការណ៍របស់យើងបានរៀបចំឡើងវិញ ក្រោយស្ថានភាពកូវីដ-១៩ ធូរស្រាល។ យើងឃើញថា ទំហំអ្នករត់ប៉ុណ្ណឹង គណៈកម្មការរៀបចំរបស់យើង គឺរៀបចំដោយយកចិត្តទុកដាក់បំផុត និងការគ្រប់គ្រងព្រឹត្តិការណ៍នេះ ដោយមានតម្លាភាព និងសុវត្ថិភាពខ្ពស់ មានន័យថា សុវត្ថិភាពរបស់អ្នករត់ គឺជាគុណភាព នៃព្រឹត្តិការណ៍របស់យើង»។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិឆ្នាំនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៤៖

ទី១-អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ហើយរៀងរាល់ឆ្នាំ ព្រះអង្គតែងសព្វព្រះរាជហឬទ័យ ផ្ដល់ទីតាំងមុខព្រះរាជវាំង ដើម្បីរៀបចំព្រឹត្តិការណ៍នេះ។
ទី២-ចូលរួមសកម្មភាពមនុស្សធម៌ តាមរយៈការកៀគរ និងប្រមូលថវិកាទទួលបានពីការរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុងទាំងអស់នេះ សម្រាប់បរិច្ចាគ និងជួយដល់សកម្មភាពសប្បុរសធម៌ ដូចជាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអង្គការកុមារកំព្រាជាដើម។
ទី៣-ជំរុញប្រជាពលរដ្ឋឲ្យលេងកីឡា ដើម្បីសុខភាព ព្រោះកីឡា គឺជាឱសថទិព្វមួយជួយឲ្យមនុស្សមានសុខភាពល្អ ស្របតាមយុទ្ធនាការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ (ប្រជាជនម្នាក់ ត្រូវលេងកីឡាមួយប្រភេទប្រចាំជីវិត)»។
ទី៤-អបអរសាទរ និងជំរុញការផ្សព្វផ្សាយដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដ្បិតរាជធានីភ្នំពេញ គឺជាគោលដៅសំខាន់ ដែលកម្ពុជាត្រូវផ្សព្វផ្សាយទៅកាន់ពិភពលោក។

លោក សែម ផល្លារ គណៈកម្មការរៀបចំការប្រកួត បានបញ្ជាក់ថា ដំបូងឡើយព្រឹត្តិការណ៍នេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកធ្លាប់ចូលរួម ពិសេសជនបរទេសនៅក្រៅប្រទេស តែដោយសារការកំណត់ពេលវេលាមិនទាន់ច្បាស់លាស់ ស្របពេលក្នុងបរិបទកូវីដ-១៩ ផង ទើបធ្វើឲ្យជនបរទេសពិបាកធ្វើដំណើរមកចូលរួម។ យ៉ាងណាក្ដី លោករំពឹងថា នៅឆ្នាំក្រោយៗព្រឹត្តិការណ៍នេះ នឹងអាចទាក់ទាញអ្នកចូលរួមបានកាន់តែច្រើនបន្ថែមទៀត។

គួរដឹងថា ព្រឹត្តិការណ៍រត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងនេះ បានខកខានរៀបចំ ២ឆ្នាំមកហើយកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារជំងឺរាតត្បាតជាសកលកូវីដ-១៩ រហូតមកទល់ពេលនេះ ទើបក្រសួងទេសចរណ៍ និង NOCC សហការជាមួយអាជ្ញាធររៀបចំព្រឹត្តិការណ៍នេះឡើងវិញ ក្រោយទទួលបានការអនុញ្ញាត និងការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕