(ប៉ារីស)៖ លោក Zinedine Zidane នឹងត្រូវជំនួសតំណែងលោក Mauricio Pochettino ជាគ្រូបង្វឹកក្លិបបាល់ទាត់ Paris Saint-Germain នៅរដូវកាលក្រោយ។ នេះបើតាមការចេញផ្សាយពីវិទ្យុបារាំង Europe 1 នាយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែមិនបានបញ្ជាក់ពីប្រភពឲ្យដឹងនោះទេ។

PSG មិនទាន់អាចបកស្រាយបាននោះទេនៅពេលភ្លាមៗនេះ។

វិទ្យុបារាំង RMC បានចេញផ្សាយនៅថ្ងៃសុក្រនេះថា លោក Zidane និងក្លិប PSG បានខិតជិតក្នុងការចុះកិច្ចសន្យាជាមួយគ្នា ហើយក៏មិនបានបញ្ជាក់ពីប្រភពដូចគ្នាដែរ។

លោក Pochettino ដែលត្រូវបានតែងតាំងជាគ្រូបង្វឹករយៈពេល ១៨ខែនោះ បានបរាជ័យក្នុងការជួយក្លិបដែលលេងនៅ Ligue 1 បំបែកកំណត់ត្រាថ្មីនៅពានធំ UEFA Champions League ដោយ PSG ត្រូវបានទម្លាក់ចេញនៅត្រឹមវគ្គ ១៦ក្រុមចុងក្រោយដោយក្រុម Real Madrid ក្នុងរដូវកាលនេះ។

ពួកគេដណ្តើមបានពានរង្វាន់ Ligue 1 កាលពីខែមេសា ជាពានរង្វាន់តែមួយគត់ដែលទទួលបានក្នុងរដូវកាលនេះ។

លោក Zidane វ័យ ៤៩ឆ្នាំ មិនមានក្លិបដឹកនាំនោះទេចាប់តាំងពីចែកផ្លូវគ្នាជាមួយ Real Madrid នៅពេលចប់រដូវកាលឆ្នាំ២០២០-២១ មក៕